(ភ្នំពេញ)៖ នៅវេលាម៉ោង ១០:៣០នាទី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសវៀតណាម រយៈពេលបីថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម។

រដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាមបានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានអន្តរជាតិ NOI BAI នាទីក្រុងហាណូយ នាឱកាសនោះមាន លោក ង្វៀន វ៉ានហ្សូវ (NGUYEN VAN GIAU) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន ម៉ាញ់ហុង (NGUYEN MANH HUNG) អនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម មន្រ្តីជាន់ខ្ពស់រដ្ឋសភាវៀតណាមជាច្រើនរូបទៀត រួមទាំងលោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងមន្រ្តីស្ថានទូតកម្ពុជាជាច្រើនផងដែរ។

តាមគ្រោងបន្ទាប់ពីអញ្ជើញដល់ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៨ ឧសភា នេះ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ នឹងជួបសវនាការនិងពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី ង្វៀន ធីគីមងិន ប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភាវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌរដ្ឋសភានិងរដ្ឋសភា ឲ្យបានគ្រប់ជ្រុងជ្រោយ បន្ថែមទៀត៕