(ភ្នំពេញ)៖ រយៈពេល៥ខែ ដើមឆ្នាំ ២០១៩នេះ កុមារមានជំងឺចំនួន ៣៧៤,៤៥៨នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ៗ ចំនួន ៥៤,១៥៨នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្នុងរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ទៀតថា កុមារចំនួន ៧,២៥០នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅផ្នែកសង្គ្រោះបន្ទាន់។ មានការវះកាត់សង្គ្រោះបន្ទាន់ ចំនួន ១០,៥៤៧នាក់។ ក្នុងនោះវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម បានចំនួន១២៨នាក់ និង វះកាត់បេះដូងបានចំនួន១៩០នាក់។

របាយការណ៍ដដែល បានបន្ថែមថា នៅក្នុងផ្នែកសម្ពព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្នុងខេត្តសៀមរាបអង្គរ ស្ដ្រីមានផ្ទៃពោះចំនួន៦២,៩២៤នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងមានការសម្រាលកូន បានចំនួន១០,៦១៦នាក់៕

ខាងក្រោមនេះ ជារបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា៖