(ភ្នំពេញ)៖ លោក យឹម ណុលសន អនុប្រធានប្រចាំការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានលើកឡើងថា ការអនុវត្តវិធីសាស្ត្រវាយតម្លៃ លើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត (វិធីសាស្ត្រ RIA) នឹងរួមចំណែកដ៏សំខាន់ ដល់ការធ្វើកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

ការលើកឡើងបែបនេះរបស់លោក យឹម ណុលសន បានធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញចូលរួមជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រវាយតម្លៃ លើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត (វិធីសាស្ត្រRIA) និងធាតុទាំង៧ នៃ RIA នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ។

វាគ្មិនក្នុងវគ្គបណ្តុះបណ្តាលនេះ មានលោក ប៉ិច សុខា សមាជិក និងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) និងលោក អេង រត្នមុន្នី អគ្គលេខាធិការរង ECOSOCC ហើយមានសិក្ខាកាមចូលរួមប្រមាណ ៨០នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃ ដែលរៀបចំធ្វើឡើង នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក យឹម ណុលសន បានលើកឡើងថា RIA ជាអ្វី? RIA ហៅកាត់ពីអង់គ្លេស Regulatory Impact Assessment គឺការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ដែលជាវិធីសាស្ត្រមួយ ត្រូវបានទទួលស្គាល់ និងអនុវត្តជាយូរណាស់មកហើយ ដោយប្រទេសជាសមាជិក អង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកបន្ដថា វិធីសាស្ត្រ RIA នេះ វាជាឧបករណ៍មួយ ដែលក្នុងការរៀបចំ តាក់តែងលិខិតបទដ្ឋានគតិយុត្ត នឹងជួយកាត់បន្ថយជាអតិបរិមា នូវផលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច ជួយកាត់បន្ថយ បន្ទុកចំណាយ របស់រដ្ឋាភិបាល លើការអនុវត្ត និងបន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច ជួយកាត់បន្ថយការិយាធិបតេយ្យ និងវិសាលភាពជាន់គ្នា និងអាចផ្តល់នូវជម្រើសចំណាយតិចផង។

អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រូបនេះ បានបន្ថែមទៀតថា វិធីសាស្ត្រ RIA ក៏នឹងនាំឲ្យបង្កើនតម្លាភាព គណនេយ្យភាព និងជំនឿទុកចិត្តពីសាធារណជន និងធុរជន លើលិខិតបទដ្ឋានគតិយុត្ត ដែលបានអនុម័តទៀតផង។

លោកថា «ការអនុវត្តវិធីសាស្ត្រ RIA នេះ នឹងផ្តល់ព័ត៌មាន បានគ្រប់ជ្រុងជ្រោយអំពីបន្ទុកចំណាយ និងផលចំណេញ នៃសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ជូនថ្នាក់ដឹកនាំ ដើម្បីងាយស្រួល ក្នុងការសម្រេច ពីព្រោះប្រទេស យើងគ្មាន sunset clause ដូចប្រទេសគេខ្លះនោះទេ ដែលមានបញ្ញត្តិកំណត់សុពលភាព នៃបញ្ញត្តិកម្ម ដូចជា៦ឆ្នាំ បញ្ញត្តិកម្មនោះ អស់សុពលភាពហើយៗ បើចង់បន្តសុពលភាពនោះ គឺត្រូវធ្វើការវាយតម្លៃឡើងវិញ»

ជាងនេះទៅទៀត ប្រទេសមួយចំនួនថែមទាំងប្រើយន្តការ RIA ដើម្បីកាត់បន្ថយស្តុកបញ្ញត្តិកម្ម ដូចជានៅប្រទេសអូស្ត្រាលី អង់គ្លេស កាណាដា (១ចូល-១ចេញ ឬ ១ចូល-២ចេញ) ដែលក្រុមការងារ RIA យើងបាន ទៅទស្សនកិច្ចសិក្សាដកពិសោធន៍ ឬក៏ដើម្បីប្រឆាំងអំពើពុករលួយ ដូចជានៅប្រទេសម៉ាឡេស៊ី។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យឹម ណុលសន។

លោកថា អាស៊ាន ក៏កំពុងយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីលើកស្ទួយឧស្សាហកម្មធនតូច និងមធ្យម នៅក្នុងតំបន់ ទៅតាមគោលការណ៍ Good Regulation Practice ដែលយក RIA ជាយន្តការ។ ប្រទេសសមាជិកអាស៊ានមួយចំនួន កំពុងអនុវត្ត RIA ជាផ្លូវការ ដូចជាប្រទេសវៀតណាម ឡាវ ហ្វីលីពិន ដោយបានចែងនៅក្នុងច្បាប់។

លោកបន្ដថា «នៅប្រទេសកម្ពុជា ការអនុវត្ត RIA នឹងរួមចំណែកដ៏សំខាន់ ដល់ការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សំដៅរក្សាកំណើនសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង ដូចមានបញ្ជាក់ច្បាស់នៅក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីសម្រេចបាននូវទិសដៅឆ្នាំ២០៣០ និង២០៥០»

សូមជម្រាបថា តាំងពីឆ្នាំ២០១១មក ការអនុវត្ត RIA សាកល្បងនៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានជាជំហានៗ ដូច្នេះហើយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេច លេខ១៣២-សសរ ឲ្យមានការបង្កើតក្រុមការងារ RIA នៅគ្រប់ក្រសួង-ស្ថាប័ន ដើម្បីយកវិធីសាស្ត្រ RIA នេះ ទៅអនុវត្តក្នុងការរៀបចំ សេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត៕