(ភ្នំពេញ)៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ លោក ជា វ៉ាន់ដេត សហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ លោក ឈាង វុន បានជួបប្រជុំជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ។

កិច្ចពិភាក្សានេះ បានធ្វើឡើង នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

លោក វេង សាខុន បានថ្លែងថា អង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ ដែលហៅកាត់ថា អ៊ីនបា (INBAR : International Network for Bamboo and Rattan) គឺជាអង្គការអន្តររដ្ឋាភិបាលមួយបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយសន្ធិសញ្ញាដែលបានតម្កល់ទុកនៅអង្គការ សហប្រជាជាតិ។ ទីស្នាក់ការកណ្ដាលរបស់អង្គការនេះ ស្ថិតនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសនាំមុខ។ អង្គការនេះ ក៏មានការិយាល័យថ្នាក់តំបន់ចំនួន ៤កន្លែងផ្សេងទៀតដែរ គឺនៅប្រទេសឥណ្ឌា ប្រទេសហ្គាណា ប្រទេសអេត្យូពី និងប្រទេសអេក្វាទ័រ។ គោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់អង្គការនេះ គឺដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកែប្រែទម្លាប់ប្រជាពលរដ្ឋពីការប្រើប្រាស់ ឈើមកប្រើប្រាស់ឫស្សី និងផ្តៅ តាមរយៈការអភិវឌ្ឍន៍ការងារដាំដុះ និងការកែច្នៃឫស្សី និងផ្តៅ តាមគោលការណ៍អភិវឌ្ឍន៍បៃតង។

លោករដ្ឋមន្ត្រីបានបន្តថា ការចូលសមាជិកភាពអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ គឺបើកចំហសម្រាប់ប្រទេសទាំងឡាយណាដែល ជាសមាជិកនៃអង្គការសហប្រជាជាតិ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨នេះ អង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ មានសមាជិកសរុបចំនួន៤៣ប្រទេស។ រដ្ឋសមាជិកអាស៊ានដែលមិនទាន់បានចូលជាសមាជិកអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ មានចំនួន៤គឺ កម្ពុជា ប្រ៊ុយណេ សិង្ហបុរី និងឡាវ។

លោក វេង សាខុន មានប្រសាសន៍ទៀតថា ចំពោះការចូលជាសមាជិកពេញសិទ្ធិនៃអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ គឺតម្រូវឲ្យមានការសម្រេចជាផ្លូវការពីរដ្ឋាភិបាល តាមរយៈការដាក់តម្កល់នូវឯកសារ លិខិតូបករណ៍នៃការផ្ដល់សច្ចាប័ន។ ដោយឡែក សម្រាប់កម្ពុជាក៏ដូចជាប្រទេសផ្សេងទៀត ដែលមិនទាន់បានដាក់តម្កល់នូវឯកសារលិខិតូបករណ៍នៃការផ្ដល់សច្ចាប័ននេះ អាចចូលរួមប្រជុំបានតាម ការអញ្ជើញក្នុងឋានៈជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅពេលដែលកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិ កម្ពុជានឹងទទួលបាននូវផលប្រយោជន៍ជាច្រើន តាមរយៈការបណ្ដុះបណ្ដាល និងកសាងសមត្ថភាព ការផ្តល់ប្រឹក្សាជំនាញ ការផ្ដល់ជំនាញគម្រោងបច្ចេកទេស ការអភិវឌ្ឍ ការកែច្នៃឫស្សី និងផ្តៅ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយជំរុញឲ្យមានការដាំដុះ និងការប្រើប្រាស់ ផលិតផលធ្វើអំពីឫស្សី និងផ្តៅ កាន់តែមានការរីកចម្រើនឡើងថែមទៀតនៅប្រទេសកម្ពុជា កាត់បន្ថយការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជួយបន្សាំមជ្ឈដ្ឋាន ព្រមទាំងស្តារគម្របព្រៃឈើឡើងវិញ ឆ្លើយតបទៅនឹងគោលនយោបាយវិស័យព្រៃឈើជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

ក្រោយពីបានស្តាប់ការបកស្រាយ និងពន្យល់របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចមក លោក ជា វ៉ាន់ដេត និង លោក ឈាង វុន បានថ្លែងអំណរគុណចំពោះវត្តមានរបស់លោករដ្ឋមន្ត្រី និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយ គណៈកម្មការជំនាញរបស់រដ្ឋសភា ក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការ បណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ។

លោកប្រធានគណៈកម្មការទាំងពីរ បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីលោករដ្ឋមន្ត្រី បានធ្វើការបកស្រាយទៅលើចំណុចនានាដែលគណៈកម្មការជំនាញនៃរដ្ឋសភា បានសាកសួររួចមកហើយនេះ គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចថានឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕