(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឆ្មក់បង្ក្រាបមេក្លោងជួញដូរដ៏សកម្មម្នាក់ រួមជាមួយថ្នាំប្រភេទម៉ាទឹកកកចំនួន៤៤កញ្ចប់។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ចំណុចផ្លូវបេតុងភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។

លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលចោមចៅទី២ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញឹម វណ្ណែត អាយុ២៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្នាក់នៅបន្ទប់ជួលភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

លោក សាន ប៉ែត បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈដែលជនសង្ស័យ កំពុងធ្វើសកម្មភាពអង្គុយលក់ដូរយ៉ាងសកម្ម នៅក្រោមដើមស្វាយមួយដើម ភ្លាមៗនោះកម្លាំងរបស់លោក ក៏បានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង និងឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៤៤កញ្ចប់ផងដែរ។

បច្ចុប្បន្នកម្លាំងជំនាញប៉ុស្តិ៍ចោមចៅទី២ កំពុងសួរនាំនិងកសាងសុំណុំរឿងបញ្ជូនបន្ត ទៅកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់បន្តតាមផ្លូវច្បាប់៕