(ឧត្ដរមានជ័យ)៖ ដោយសារតែឥទ្ធិពលថ្នាំញៀន ស្ត្រីម្នាក់ត្រូវបានប្តីយកកាំបិតផ្គាក់វែងកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្រ្តីអាវុធស្រុកត្រពាំងប្រាសាទ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះថា ឃាតកម្មខាងលើនេះ បង្កឡើងដោយជនសង្ស័យជាប្តីមានឈ្មោះ អង រ័ត្ន អាយុ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនដៃដល់ បានប្រើកាំបិតផ្គាក់ដងឈើកាប់ទៅលើជនរងគ្រោះ ដែលត្រូវជាប្រពន្ធរបស់ខ្លួនត្រូវចំនួន ០៤កន្លែង (ត្រូវចំត្រចៀកខាងស្តាំ ០១កន្លែង ស្មាខាងស្តាំ០១កន្លែង ក្រោយកញ្ចឹងក ០១កន្លែង និងដើមដោះទាំងសងខាង ០១កន្លែង) បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ស្ត្រីរងគ្រោះមានឈ្មោះ ម៉ាប់ ស្រីមុំ អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា មានកូនប្រុសម្នាក់ អាយុ០៤ឆ្នាំ។

ក្រោយធ្វើសកម្មភាព ជនសង្ស័យត្រូវបានប្រជាពលរដ្ឋក្នុងភូមិព័ទ្ធចាប់ប្រគល់ទៅឱ្យកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ភ្លាមៗតែម្តង។

អាវុធហត្ថស្រុកបានបញ្ជាក់បន្ថែមថា ចំពោះមូលហេតុដែលនាំឱ្យកើតមានការប្រព្រឹត្តអំពើឃាតកម្មលើជនរងគ្រោះដែលត្រូវជាប្រពន្ធ របស់ខ្លួនតាមការសួរនាំពីកម្លាំងអាវុធហត្ថស្រុក សង្ស័យបែកថ្នាំដោយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានជក់គ្រឿងញៀនកន្លងមក ០២ថ្ងៃមកហើយ ព្រោះនៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យជាប្តីប្រពន្ធពុំមានការឈ្លោះ ប្រកែកគ្នាអ្វីទាំងអស់ ហើយជនសង្ស័យក៏ពុំធ្លាប់មានប្រវត្តិជម្ងឺសរសៃប្រសាទនោះដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕