(ក្រចេះ)៖ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយលោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន បានរកឃើញប្រាសាទថ្មីមួយទៀតគឺ «ប្រាសាទអូរក្រសាំង» ស្ថិតក្នុងទីក្រុងសម្ភុបុរៈ នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
បើតាមការ AKP កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ លោកសាស្ត្រាចារ្យ បណ្ឌិត ធុយ ចាន់ធួន បន្ទាប់ពីបង្រៀនពីវិធីសាស្រ្ដប្រមូលទិន្នន័យនៅពុទ្ធសាសនបណ្ឌិត្យ លោកបានដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ត្រី នៃពុទ្ធសាសនបណ្ឌិត្យចុះកម្មសិក្សាអនុវត្តន៍ផ្ទាល់នៅទីក្រុងសម្ភុបុរៈ នៃអាណាចក្រចេនឡាបុរាណ (ស្រុកចិត្របុរី ស្រុកសំបូរ ខេត្តក្រចេះ)។
ក្រុមស្រាវជ្រាវបានបន្តដំណើរមកក្បាលកោះរងាវ ប្រមាណជា១០គីឡូម៉ែត្រ ហើយបានជួបសំណេះសំណាលជាមួយអ្នកភូមិអូរក្រសាំង ឃុំបឹងចារ ក៏បានទទួលដំណឹងថា មានទួលកំណប់មួយនៅក្រោយចំការរបស់អ្នកភូមិ។ នៅរសៀលថ្ងៃដដែលក្រុមស្រាវជ្រាវ ក៏បានជួបប្រទះនូវភស្ដុតាងបុរាណវត្ថុ ជាតឹកតាងប្រវត្តិសាស្រ្ដសំខាន់ៗ ដូចជា ដុំឥដ្ឋធំៗ ធ្វើអំពីដីឥដ្ឋដុត ថ្មមេទ្វារប្រាសាទ ទបង្ហូរទឹកមន្តចេញពីប្រាសាទ ទម្រព្រះ ស្នាមដាប់ នៃផែនថ្ម និងជាពិសេស គឺលិង្គព្រះឥសូរ ១ដេក ស្ថិតនៅលើទីទួល ប្រហែលជាខឿន ប្រាសាទក្នុងផ្ទៃក្រឡាប្រមាណជា៥,០០០ម៉ែត្រការ៉េ។
សំណល់បុរាណវត្ថុដែលនៅសល់រាយប៉ាយ ជាសំណល់ នៃការលួចជីកកាយ ដោយក្រុមទុច្ចរិតក្នុងសម័យមុន ក្រុមស្រាវជ្រាវ សង្កេតឃើញមាន រណ្ដៅនៃផ្ទាំងដាប់ថ្ម ទំហំ១០៥សង់ទីម៉ែត្រ គុណ១០៥សង់ទីម៉ែត្រ បួនជ្រុងជម្រៅប្រមាណជា៥សង់ទីម៉ែត្រ (ប្រហែលជាចំណុចកណ្ដាល នៃប្រាសាទ ជាទីតម្កល់លិង្គ) ដាប់ជាប់ពីលើផ្ទាំងថ្មធម្មជាតិ បានឃើញស្លាកស្នាម ឥដ្ឋប្រមាណជា៥ម៉ែត្រ បួនជ្រុង ព័ទ្ធរណ្ដៅថ្មដាប់ខាងលើឃើញទបង្ហូរទឹកមន្ត ចេញពីប្រាសាទចំនួន២ បំណែកមេទ្វារ អំពីថ្មភក់បែកបាក់ជាច្រើនដុំ ទម្រព្រះបែកបាក់ជាច្រើនដុំ លិង្គចម្លែក១ នៅខាងកើតគ្រឹះប្រាសាទនោះប្រហែល៣០ម៉ែត្រ លិង្គនោះមានបណ្ដោយ ប្រមាណជា១ម៉ែត្រ អង្កត់ផ្ចិតប្រមាណជា៤០សង់ទីម៉ែត្រ គល់ព្រលួញ២៥សង់ទីម៉ែត្រ ចម្លែកត្រង់ថាលិង្គ នេះមិនមានក្បាលមូលទេ ក្បាលចិតស្មើដូចគេកាត់កំណាត់ឈើ និងមានស្រះទឹកមួយនៅ ទិសខាងកើតប្រហែល៥០ម៉ែត្រ ពីគ្រឹះប្រាសាទ។
តាមការស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈ ដែលដឹកនាំដោយសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន ដែលបានទៅសិក្សាលើទីតាំងចាស់ ដែលមានស្រាប់ និងរកឃើញប្រាសាទថ្មីៗថែមទៀត សរុបទាំងអស់ជាងមួយរយទីតាំងស្ថានីបុរាណ និងប្រាសាទបុរាណ ហើយបានកំពុងតែផ្ទៀងផ្ទាត់ និងសិក្សាលម្អិតទៅលើ សំណង់ស្ថាបត្យកម្ម និងរចនាបទនានាដែលទាក់ទងនឹងប្រាសាទថ្មីៗទាំងនោះ ហើយនឹងផ្សព្វផ្សាយជាសាធារណៈជូននៅពេលខាងមុខឆាប់ៗនេះ៕