(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចាប់ពីឆ្នាំ២០៥០តទៅ កម្ពុជាអាចនឹងជួបប្រទះបញ្ហាប្រឈមមួយ គឺកំណើនប្រជាពលរដ្ឋវ័យចំណាស់ច្រើនជាងកម្លាំងពលកម្មវ័យក្មេង ប៉ុន្តែលោកបានបញ្ជាក់ទៀតថា ទោះបីមានបញ្ហាប្រឈមយ៉ាងនេះក្ដី តែកម្ពុជាត្រូវតែប្រែក្លាយទៅជាឱកាសក្នុងការអភិវឌ្ឍវិញ។

នៅក្នុងកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពី អនាគតនៃការងារសម្រាប់កម្ពុជា ដែលបានធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ លោក ហេង សួរ បានលើកឡើងថា កម្ពុជាបច្ចុប្បន្ន ថ្វីដ្បិតជាប្រទេសសម្បូរកម្លាំងពលកម្មវ័យក្មេងច្រើន តែកម្ពុជាក៏នឹងជួបប្រទះនៃការធ្លាក់ចុះកំណើនប្រជាជន ហើយចាប់ពីឆ្នាំ២០៥០ទៅ នឹងមានកំណើនប្រជាជនវ័យចំណាស់ផងដែរ ដូចទៅនឹងប្រទេសអភិវឌ្ឍន៍ដទៃទៀតដែរ។

លោកលើកឡើងបន្តថា បច្ចុប្បន្ន ថ្វីដ្បិតកម្លាំងពលកម្មវ័យក្មេងច្រើនក៏ពិតមែន ប៉ុន្តែផលិតភាពនៅមានកម្រិត ហើយអត្រាកំណើតក៏កាន់តែថយទៅៗ ដូច្នេះទាំងនេះគឺជាចំណុចប្រឈមដែលតម្រូវឱ្យកម្លាំងពលកម្មរបស់កម្ពុជា ត្រូវធ្វើការច្រើនជាងមុន និងត្រូវមានផលិតភាពច្រើនជាងមុន ទើបអាចបង្កើននូវប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពនៅពេលពួកគេចាស់ទៅ។

ក្រៅពីនេះ កម្ពុជាក៏ត្រូវមានលទ្ធភាពបង្កើតនូវសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ពាក់ព័ន្ធជាមួយមនុស្សវ័យចំណាស់ផងដែរ ឧទាហរណ៍ដល់ពេលនោះ កម្ពុជាក៏អាចផ្ដល់សេវាថែទាំមនុស្សចាស់ បង្កើតផលិតផលអាហារទ្រទ្រង់សុខភាពមនុស្សចាស់ សេវាសុខាភិបាល ឬឧបករណ៍សម្រួលដល់ការរស់នៅរបស់មនុស្សចាស់ជាដើម ដែលទាំងនោះគឺសុទ្ធសឹងជាឱកាសការងារសម្រាប់កម្លាំងពលកម្មថ្មី៕