(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបជជែកជាមួយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ ដើម្បីពិនិត្យទៅលើ «នីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា»។

ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានពិនិត្យពិភាក្សាទៅលើលំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា។

អង្គប្រជុំបានសម្រេចឯកភាពលើការធ្វើនីតិវិធីរួមផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ ឆ្លុះបង្ហាញការគិតគូដិតដល់ និងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ បង្កភាពងាយស្រួល និងចំណេញពេលវេលា។ នីតិវិធីរួមនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា លំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានេះ នឹងដំណើរការទៅបានយ៉ាងរលូន នឹងជួយចូលរួមទៅដល់ការពង្រឹងនូវគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយបង្កើនចំណូលពន្ធរដ្ឋឱ្យបានកាន់តែមានភាពល្អប្រសើរឡើង។

សូមបញ្ជាក់ថា ការផ្ទេរកម្មសិទ្ធិយានយន្តក្នុងពេលលក់ដូរជារឿងស្មុគស្មាញនាពេលបច្ចុប្បន្ន រហូតនាំឱ្យអ្នកលក់ដូរយានយន្តបង្ខំចិត្តមិនព្រមផ្ទេរកម្មសិទ្ធិ ឬហៅថា «កាត់ឈ្មោះ» នោះឡើយ។ ការប្រើយានយន្តគ្នាច្រើនដោយមិនកាត់ឈ្មោះនេះ នាំឱ្យមានបញ្ហាផ្សេងៗកើតឡើងជាញឹកញយ នៅពេលយានយន្តនោះកើតមានបញ្ហាអ្វីមួយ ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម គឺពិបាកនឹងទៅរកជនបង្កពិតប្រាកដ ព្រោះយានយន្តលក់ច្រើនតំណដោយមិនបានផ្ទេរសិទ្ធិ។

ដើម្បីដោះស្រាយភាពស្មុគស្មាញក្នុងការផ្ទេរកម្មសិទ្ធិយានយន្តនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការផ្ទេរកម្មសិទ្ធិយានយន្តនេះ ឱ្យដូចទៅនឹងការចុះបញ្ជីយានយន្ត ប្រលងយកបណ្ណបើកបរជាដើម៕