(ភ្នំពេញ)៖ ក្រុមហ៊ុនជីហ្គៀ (G Gear) ជាក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិចដ៏ធំមួយនៅកម្ពុជា ដែលបានផ្ដល់នូវទំនុកចិត្ត និងគុណភាពជូនអតិថិជនរយៈពេលជិត១០ឆ្នាំមកហើយ ហើយរឿងដែលនឹកស្មានមិនដល់នោះ គឺក្រុមហ៊ុន G Gear បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រស្ដង់ដាគ្រប់គ្រងគុណភាពកម្រិត ISO 9001:2015 ពីអង្គការ ISO ដែលមានទីស្នាក់ការប្រចាំតំបន់អាស៊ីនៅប្រទេសសិង្ហបុរី។

ពិធីប្រគល់-ទទួលវិញ្ញាបនបត្រ ISO 9001:2015 នេះ បានប្រារព្ធធ្វើឡើងនារាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន G Gear ស្ថិតនៅផ្ទះលេខ១៣៥ មហាវិថីព្រះមុនីវង្ស សង្កាត់៧មករា ក្រោមវត្តមានលោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear លោក ស៊ុង ស៊ុខគីម អគ្គនាយកក្រុមហ៊ុន LG ប្រចាំកម្ពុជា និងលោក God Jack Koon តំណាងអង្គការ ISO (International Organization for Standardization) នៅប្រទេសសិង្ហបុរី ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តយស និងតំណាងចែកចាយប្រមាណ១០០នាក់ទៀត។

មុនការប្រគល់-ទទួលវិញ្ញាបនបត្រនេះ លោកឧកញ៉ា សុខ ពិសិដ្ឋ បានថ្លែងថា ក្រុមហ៊ុន G Gear បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ២០១១ មកម៉្លេះ។ ក្រុមហ៊ុនចាប់ផ្តើមដំបូងក្នុងនាមជាតំណាងចែកចាយផលិតផល LG Electronics នៅកម្ពុជា។

លោកបានបន្តថា មកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានបន្ថែមនៅក្នុងការចែកចាយផលិតផលចំនួនទៀត ដូចជា ជណ្ដើរយន្តម៉ាក HYUNDAI ELEVATOR អំពូលភ្លើង LUCECO ព្រីភ្លើង Master Plag ផលិតផលទ្វារ-បង្អួចម៉ាក LG Hausys ទូរស័ព្ទ Energizer ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុនក៏ទទួលបានសិទ្ធិជាអ្នកដំឡើងចំណតរថយន្តស្វ័យប្រវត្តិ ឬហៅថា Auto Car Parking ពីក្រុមហ៊ុន AJ Dongyang Menics ផងដែរ។

ក្រុមហ៊ុន G Gear បានបេ្ដជ្ញាចិត្តបំពេញនូវតម្រូវការរបស់អតិថិជន ដោយផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាព និងសុវត្តិភាពខ្ពស់ ផ្អែកលើគោលការណ៍នៃការគ្រប់គ្រងគុណភាពរបស់ ISO 9001:2015។

លោកឧកញ៉ា សុខ ពិសិដ្ឋ បានថ្លែងបន្តទៀតថា ការអនុវត្ដនូវស្ដង់ដាគុណភាពរបស់ក្រុមហ៊ុនជីហ្គៀ (G Gear) ដែលជំរុញឱ្យមានវប្បធម៌គុណភាព ក្នុងការផ្ដល់សេវាកម្មដល់អតិថិជន ការគោរពច្បាប់ បទប្បញ្ញត្ដិរបស់ប្រទេស ការពង្រឹងសមត្ថភាពប្រព័ន្ធគ្រប់គ្រង ការធ្វើការជាក្រុម និងការលើកទឹកចិត្តឱ្យមានការចូលរួមលើកកម្ពស់ ការទទួលខុសត្រូវចំពោះគុណភាពនៃផលិតផល និងសេវាកម្ម ក្នុងចំណោមបុគ្គលិកទាំងអស់ និងការរក្សានូវបរិស្ថានការងារ ការគោរពសិទិ្ធគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យមានគំនិតច្នៃប្រឌិត និងការចូលរួមរក្សាសុខភាព សុវតិ្ថភាពបរិស្ថាន។

ជាមួយគ្នានោះ លោក God Jack Koon បានលើកឡើងដែរថា សេចក្តីសម្រេចរបស់អង្គការ ISO គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន G Gear បានអនុវត្តយ៉ាងខ្ជាប់ខ្ជូនតាមក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាការគ្រប់គ្រងបុគ្គលិកផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ។ ចំណុចទាំងអស់នេះហើយ ដែលធ្វើឱ្យក្រុមហ៊ុន G Gear ទទួលបានកម្រិតស្ដង់ដាអន្ដរជាតិ ISO 9001: 2015។

តំណាងអង្គការ ISO រូបនេះបានបន្តថា វិញ្ញាបនបត្រស្ដង់ដា ISO 9001:2015 នេះ គឺជាស្ដង់ដាគុណភាពលើប្រព័ន្ធគ្រប់គ្រងគុណភាព ដែលអាចនិយាយបានថាមានតែក្រុមហ៊ុន G Gear នេះទេ ដែលជាក្រុមហ៊ុនចែកចាយអេឡិចត្រូនិចទទួលបានស្តង់ដា ISO 9001:2015 ដំបូងគេនៅកម្ពុជា៕