(ភ្នំពេញ)៖ សមត្ថកិច្ចមូលដ្ឋានស្រុកភ្នំស្រួចបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់ MK82 មិនទាន់ផ្ទុះ១គ្រាប់ ទម្ងន់ជាង២០០គីឡូក្រាម ដែលទម្លាក់ពីលើយន្តហោះកាលពីសម័យសង្គ្រាម នៅត្រង់ចំណុចភូមិ កូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យោងតាមសមត្ថកិច្ចបានរាយការណ៍ថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី បន្ទាប់ពីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះដ៏ធំនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានសហការជាមួយអង្គភាពកំចាត់មីនកម្ពុជា (ស៉ីម៉ាក់) ចុះមកយកគ្រាប់មិនទាន់ផ្ទុះទៅបន្សាប និងទុកកន្លែងសុវត្ថិភាព។

សមត្ថកិច្ចអះអាងថា គ្រាប់បែកនោះ មានម៉ាក MK82 ដែលត្រូវបានទម្លាក់ពីលើយន្តហោះ មានទម្ងន់២៤១គីទ្បូក្រាម ប្រវែង១៦៨ សង់ទីម៉ែត្រ ទំហំ២៧៥មីលីម៉ែត្រ ដែលក្រុមគ្រឿងចក្រ បានកាយដីធ្វើស្រះនៅត្រង់ចំណុចភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងដីរបស់ឈ្មោះ អ៊ួង សុភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ជាស្មៀនឃុំអូរ។

បើតាមសមត្ថកិច្ច គ្រាប់បែក MK82 មួយនោះ កប់ក្នុងដីជម្រៅប្រហែល៥ម៉ែត្រ។ ចំពោះគ្រាប់ខាងលើ ត្រូវបានស៉ីម៉ាក់ យកទៅរក្សាទុកផងដែរ៕