(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់នៅក្នុងអង្គសន្និសិតសារព័តមាន នៅឯសាលាខេត្តកំពត នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា បង្គោលព្រំដីមានទីតាំងនៅមាត់សមុទ្រតំបន់ភ្នំដូង ក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលបណ្ដាញសង្គម Facebook បានបង្ហោះចុះផ្សាយនាពេលថ្មីៗនេះ ជាដីកម្មសិទ្ធពិតប្រាកដរបស់ប្រជាពលរដ្ឋមានច្បាប់ត្រឹមត្រូវ។
លោក ជាវ តាយ ក៏បានបញ្ជាក់ថា តាមពិតរូបលោកទើបមកដឹកនាំខេត្តកំពតមានរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែដោយសារមានបាតុភាពបង្គោលព្រំដីក្នុងតំបន់ភ្នំដូងនេះ លោកបានឲ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះស្រាវជ្រាវផ្ទាល់លើទីតាំងជាក់ស្ដែង។ យោងលើឯកសារពាក់ព័ន្ធរបស់អាជ្ញាធរមូលដ្ឋាន និងជំនាញបានបញ្ជាក់ថា ដីនេះមានទីតាំងស្ថិតនៅខាងកើតភ្នំដូង ក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត។
បើតាមអភិបាលខេត្តកំពត ដើមឡើយដីនេះ មានស្ថានភាពមិនដូចពេលនេះទេ គឺជាប្រភេទដីអូរចិញ្ចឹមបង្គា និងក្ដាមដែលអាចឲ្យប្រជាពលរដ្ឋចាប់យកដីនេះ ដើម្បីប្រកបរបរចិញ្ចឹមបង្គា និងក្ដាមដោយមាន ចំនួន១២គ្រួសារ ជាអ្នកកាន់កាប់និងអាស្រ័យផល ហើយមានទំហំផ្ទៃដីសរុបស្មើនឹង ៤៥,៦១៤ហិចតា។
រហូតដល់ឆ្នាំ២០០៨ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីនេះស្របច្បាប់ ជូនទៅរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត និងមានការសម្រេចជូនពីរាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋទាំង ១២គ្រួសារនេះទៀតផង ព្រមទាំងយល់ព្រមឲ្យកែប្រែប្រភេទដីនេះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ឬទេសចរណ៍កែច្នៃ ដែលឯកសារពាក់ព័ន្ធដីកម្មសិទ្ធិ របស់ប្រជាពលរដ្ឋនេះ ត្រូវរដ្ឋបាលខេត្តបង្ហាញជូនអ្នកសារព័ត៌មាន តាមរយៈបញ្ចាំងស្លាយផងដែរ។
លោក ជាវ តាយ បន្តបញ្ជាក់ទៀតថា ដោយក្នុងរយៈពេលកន្លងមកនេះ តែងតែមានការលេចឮ លើកឡើងតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដោយមិនមានភាពច្បាស់លាស់វាយប្រហារ មកលើរដ្ឋបាលខេត្តថាមានការស៊ុមគ្រលំ ពាក់ព័ន្ធការបោះបង្គោលដីក្នុងសមុទ្រនេះ។
លោកបន្តថា រដ្ឋបាលខេត្តមិនមានបំណងណាមួយ គប់គិតដើម្បីលក់ដីរដ្ឋទៅឲ្យបុគ្គលណាម្នាក់នោះទេ គឺរដ្ឋបាលខេត្តជាតំណាង ឬជាសេនាធិការឲ្យរាជរដ្ឋាភិបាល ហើយអនុវត្តអ្វីក៏ត្រូវតែផ្អែកលើ ឯកសារជាបទដ្ឋានគតិយុត្ត ដែលមានចែង និងអនុញ្ញាតរបស់រាជរដ្ឋាភិបាល មិនបានធ្វើអ្វីតាមចង់ ឬការនឹកឃើញឡើយ៕