(ពោធិ៍សាត់)៖ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០១៩ កម្ពុជាមានទំហំប្រាក់កម្ចីចំនួន២៣.០៣ទ្រីលានរៀល ស្មើនឹង៥.៧៥ប៊ីលានដុល្លាអារិក និងផ្ដល់កម្ចីដល់អតិថិជនចំនួន២.១៦លាននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងពីលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកអគ្គនាយករងត្រួតពិនិត្យធនាគារជាតិ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីក្រុមមន្ត្រីជំនាញនៃនាយកដ្ឋានត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
លោក គិត សុវណ្ណារិទ្ធ ឲ្យដឹងថា ទន្ទឹមនឹងការរីកចម្រើននៃប្រាក់កម្ចី ទំហំប្រាក់បញ្ញើវិញក៏ទទួលបានការចាប់អារម្មណ៍ និងកើនឡើងពីសាធារណជន ដែលបានផ្ញើតាមគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទានជនបទ និងបណ្ដាញប្រតិបត្តិការប្រមាណ២៧៥ មាននៅទូទាំងប្រទេស ដែលមានសាខារហូតដល់មូលដ្ឋានឃុំនោះ។
លោកអគ្គនាយករងរូបនេះបញ្ជាក់ថា «ការរីកចម្រើននេះ ឆ្លុះបញ្ចាំងឲ្យឃើញថា ទាំងនេះបានមកពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានកន្លងមក ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងការចូលត្រួតពិនិត្យដោយផ្ទាល់ពី ធនាគារជាតិនៃកម្ពុជា»។
លោក គិត សុវណ្ណារិទ្ធ បន្ថែមថា ជាក់ស្ដែងសិក្ខាសាលាថ្ងៃនេះ ជាការផ្សព្វផ្សាយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ឲ្យយល់ដឹងពីការប្រើប្រាស់ប្រាក់កម្ចី ដើម្បីជៀសវាងការចាញ់បោកក្រុមជនខិលខូច និងឲ្យចាកផុតពីបំណុលវណ្ឌ័ក។
លោកបន្ថែមថា ទាំងនេះក៏ដើម្បីផ្សព្វផ្សាយចែករំលែក និងពន្យល់ដល់អ្នកពាក់ព័ន្ធដូចជា អាជ្ញាធរព្រមទាំងប្រជាពលរដ្ឋ ពីការប្រើប្រាស់ប្រាក់កម្ចី នៅស្រុកបាកាន ឲ្យរឹតតែយល់ច្បាស់ពីនិតិវិធី និងប្រការមួយចំនួនដែលត្រូវជៀសវាង។
លោកបញ្ជាក់ថា ជាក់ស្ដែងបញ្ហាសំខាន់ៗ ដែលលើកយកមកផ្សព្វផ្សាយ និងពិភាក្សានោះមានដូចជា៖ បញ្ហាច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា-សេវាកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណស្របច្បាប់, បញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាជាដើម។
លោកបន្ថែមទៀតថា ដើម្បីបញ្ជៀសពីបំណុលវ័ណ្ឌក លើការកម្ចីប្រាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់នៃការខ្ចីប្រាក់, ការប្រើប្រាស់ប្រាក់កម្ចី ឲ្យបានចំគោលដៅ និងកាតព្វកិច្ចត្រូវសងប្រាក់វិញ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ៕