(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានជំរុញពេទ្យឆ្មបនៅតាមមណ្ឌលសុភាពទាំងអស់ ត្រូវផ្តល់សេវាឱ្យបានរហ័ស និងមានគុណភាពខ្ពស់ នៅពេលស្ត្រីមានផ្ទៃពោះ មកពិនិត្យសុខភាព ព្រោះក្រសួងសុខាភិបាល ជាពិសេសមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានខិតខំរៀបចំគោលការណ៍ណែនាំមួយថ្មី ដើម្បីធ្វើយ៉ាងណាឱ្យស្ត្រី ដែលគាត់មកពិនិត្យផ្ទៃពោះ ៤ដងប្រកបដោយគុណភាព។
មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងជំរុញយ៉ាងដូចនេះ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោករៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនក្រោមអាយុ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឫប័ណ្ណអទិភាព។ ពិធីក៏មានការចូលរួមពីថ្នាក់ដឹកនាំ តាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ពេទ្យឆ្មបតាមស្រុក ក្រុង ឃុំ-សង្កាត់ជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាល បានបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនក្រោមអាយុ ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឫប័ណ្ណអាទិភាពនេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ បានមកពិនិត្យសុខភាពឱ្យបានទៀតទាត់ ដូចនេះនៅពេលដែលគាត់មកទទួលសេវា ជាឱកាសមួយ ដែលយើងទាំងអស់គ្នាត្រូវផ្តល់សេវា ជូនគាត់ប្រកបដោយគុណភាព។
លោក គួង ឡូ បានបន្ថែមថា រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលក្រីក្រឱ្យគាត់មកប្រើប្រាស់សេវា ដោយផ្តល់ជូននូវថវិកាជូនគាត់ ចាប់តាំងពីគាត់មានផ្ទៃពោះ រហូតកូនគាត់មានអាយុ ២ឆ្នាំ ដែលនេះជាឱកាសមួយដែលមន្ត្រីសុខាភិបាលទាំងអស់ ជាពិសេសមន្ត្រីឆ្មប សូមឱ្យផ្តល់សេវាឱ្យបានរហ័ស ប្រកបដោយគុណភាព ទៅដល់ពួកគាត់ ព្រោះក្រសួងសុខាភិបាល ជាពិសេសមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានខិតខំរៀបចំនូវគោលការណ៍ណែនាំមួយថ្មី ដោយរៀបចំធ្វើយ៉ាងណាស្ត្រីដែលគាត់មកពិនិត្យផ្ទៃពោះ មកពិនិត្យផ្ទៃពោះឱ្យបាន ៤ដងប្រកបដោយគុណភាព។
លោកប្រធានមន្ទីរសុខាភិបាល ក៏បានអំពាវនាវ ឱ្យបងប្អូនជាឆ្មប ត្រូវផ្តល់សេវាផ្ទាល់ សូមឱ្យអនុវត្តទៅតាមអ្វីដែលមជ្ឈមណ្ឌលជាតិបានបង្កើតឡើង កុំឱ្យមជ្ឈមណ្ឌលប្រឹងបង្កើតកញ្ចប់គ្រប់គ្រាន់ហើយ បែរជាអ្នកផ្តល់សេវាមិនគ្រប់គ្រាន់ទៅវិញ។ មន្ត្រីសុខាភិបាលទាំងអស់ត្រូវរួមគ្នា ធ្វើយ៉ាងណាឱ្យការផ្តល់សេវាប្រកបដោយគុណភាព ហើយការប្រកបដោយគុណភាពនេះ អាចទៅបានលុះត្រាតែឆ្មបយើង អនុវត្តទៅតាមកាណែនាំរបស់មជ្ឈមណ្ឌលជាតិ។
សូមបញ្ជាក់ថា ប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូននៅពេលស្ត្រីមានផ្ទៃពោះ មកទទួលសេវានៅមូលដ្ឋានសុខាភិបាលសាធារណៈមាន៣ដំណាក់កាល៖ ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន ៤ម៉ឺនរៀលក្នុង១ដង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះ ដែលផ្តល់ជាអតិបរិមាចំនួន ៤ដងមុនពេលសម្រាល។ ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភចំនួន២០ម៉ឺនរៀលតែ ១ដងគត់ នៅពេលសម្រាលកូន និងដំណាក់កាលទី៣៖ ផ្តល់ការឧបត្ថម្ភចំនួន៤ម៉ឺនរៀលក្នុង១ដង ដែលផ្តល់ជាអតិបរិមាចំនួន ១០ដង ក្នុងនោះ៣ដង នៅពេលមកទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង៧ដងនៅពេលយកកូនមកទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ៕