(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសសម្តេចប្រារព្ធពិធីបុណ្យជម្រើនជន្មាយុគម្រប់ ៨៥ ឈានចូល ៨៦ឆ្នាំ។
ព្រះរាជសារលិខិតជូនពររបស់ព្រះអង្គទាំងទ្វេ ត្រូវបានសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងពីរ យកមកជូនសម្តេចអគ្គមហាពញាចក្រី ដោយផ្ទាល់នៅគេហដ្ឋានសម្តេច អគ្គមហាពញាចក្រី ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្នុងព្រះរាជសារលិខិត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក៏ដូចជា ព្រះរាជសារលិខិតរបស់សម្តេចម៉ែ បានលើកឡើងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចគ្រប់ពេលវេលា ដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិ មាតុភូមិ ទទួលបានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ព្រះអង្គទាំងទ្វេ បានប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា ព្រមទាំងប្រកបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕