(ភ្នំពេញ)៖ ទោះបីជាដីនៅខេត្តកែប និងខេត្តកំពត កំពុងតែមានសន្ទុះឡើងថ្លៃ ទៅដល់កម្រិតណាក៏ដោយ ក៏ប្រទេសកម្ពុជា មិនមានការព្រូយបារម្ភ ពាក់ព័ន្ធនឹងការបាត់បង់ស្រែអំបិលនោះទេ ខណៈដែលមន្ត្រីជំនាញបានអះអាងថា បច្ចុប្បន្នប្រទេសកម្ពុជា មានផ្ទៃដីជាង៥ពាន់ហិកតា ដែលក្នុងមួយៗឆ្នាំ អាចផលិតអំបិលបានជាង១៧ម៉ឺនតោន ទៅ១៨ម៉ឺនតោន បើសិនជាអាកាសធាតុអំណោយផល។
លោក ឡាំ គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រានធុនតូច មធ្យម និងសិប្បកម្ម បានបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ផលិតអំបិល ប្រមាណជាង៥ពាន់ហិកតា។ ក្នុងនោះមានខេត្តចំនួន២ រួមមាន៖ ខេត្តកំពត និងខេត្តកែប កំពុងធ្វើការផលិតអំបិល ដែលមានមណ្ឌលជាង១០ និងក្រុមសាមគ្គីជិត២០០ក្រុម។
ការលើកឡើងបែបនេះ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រានធុនតូច មធ្យម និងសិប្បកម្ម បានធ្វើឡើងក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News។
លោកបញ្ជាក់ថា «រាជរដ្ឋាភិបាល បានគិតគូររួចស្រេចហើយ ។ រាជរដ្ឋាភិបាល មាន ស.ជ.ណ ដែលបញ្ជាក់ថា ដីស្រែអំបិល គឺអាចឲ្យជាកម្មសិទ្ធិ ទៅដល់ប្រជាពលរដ្ឋតែមិនឲ្យកែប្រែ ហើយត្រូវតែផលិតអំបិល បើករណីគាត់កាន់កាប់ដីស្រែអំបិល មិនផលិតអំបិល រាជរដ្ឋាភិបាលដកហូតវិញ ព្រោះនៅក្នុង ស.ជ.ណ បានកំណត់ច្បាស់លាស់។...ក្រសួងយើងបានសហការជាមួយអាជ្ញាធរខេត្តទាំងពីរ (កែប និងកំពត) បានឃ្លុំដីស្រែអំបិលរួចហើយ»។
លោក ឡាំ គឹមឡេង បានឲ្យដឹងថា ប្រទេសកម្ពុជា មានតម្រូវការអំបិលប្រើប្រាស់ ក្នុងមួយឆ្នាំៗ ១០ម៉ឺនតោន ដោយក្នុងនោះមាន៣ប្រភេទអំបិលត្រូវការ រួមមាន៖ អំបិលសម្រាប់ប្រើប្រាស់ នៅក្នុងការហូកចុក របស់ប្រជាពលរដ្ឋតាមផ្ទះ, អំបិលសម្រាប់ធ្វើឧស្សាហកម្ម (សម្រាប់ផលិតផលិតផល) និងអំបិលសម្រាប់កសិកម្ម។
លោក ឡាំ គឹមឡេង ក៏បានបញ្ជាក់ថា «កម្ពុជាមានផ្ទៃដីសម្រាប់ផលិតអំបិល ប្រមាណជាង៥ពាន់ហិកតា ដែលក្នុងនោះចែកចេញ ជា៣ដំណាក់កាល ដើម្បីផលិតបានអំបិល។ ក្នុងនោះ រួមមានទី១៖ ប្រភេទអូ សម្រាប់ស្ដុកទឹក ដើម្បីធ្វើយ៉ាងម្ដេច ឲ្យទឹកមានភាពល្អ ថ្លា ស្អាត, ទី២៖ ប្រភេទស្រែហើរ ឬក៏ស្រែចម្អិត សម្រាប់ធ្វើឲ្យកំហាប់ទឹកអំបិល មានកំហាប់កាន់តែខ្ពស់, និងទី៣៖ ស្រែសម្រាប់បណ្ដុះ»។
ជាមួយគ្នានោះ លោក ឡាំ គឹមឡេង បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា មានការបែងចែកជា២ខេត្ដ កំពុងធ្វើការផលិតអំបិល។ ខេត្តទី១៖ ខេត្តកំពត មានមណ្ឌល៦ ដែលមានក្រុមសាមគ្គីប្រមាណជា១៧៤ក្រុម និងខេត្តទី២៖ ខេត្តកែប មានចំនួន៥មណ្ឌល និងក្រុមសាមគ្គីមានចំនួន២ក្រុម។
លោក គឹមឡេង ក៏បានឲ្យដឹងថា បើសិនជាអាកាសធាតុសមស្រប ដូចជានៅឆ្នាំ២០១៥កម្ពុជា ផលិតអំបិលបាន ជាង១៧ម៉ឺនតោន ទៅ១៨ម៉ឺនតោនក្នុង១ឆ្នាំ។ លោកក៏បានប្រាប់ផងដែរថា កម្ពុជាបានធ្លាក់ចុះ ការផលិតអំបិល នៅឆ្នាំ២០១៨ ដោយសារអាកាសធាតុ៕