(ពោធិ៍សាត់)៖ ជារៀងរាល់ឆ្នាំតាំងពីបូរាណកាលមកម្ល៉េះ ចូលដល់ខែពិសាខ មិនថាខ្នើត ឬរនោច ប្រជាពលរដ្ឋគ្រប់ទិសទីតែងតែសុំការអនុញ្ញាតពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរៀបចំប្រារព្ធពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ខៀវ ព្រមទាំងកូនប្រុសលោកតាទាំង៤ និងវរជនខ្មែរស្នេហាជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។
គេសង្កេតឃើញថាឆ្នាំនេះ ពិធីបុណ្យឡើងរោង មានបូកបន្ថែមពិធីអភិសេករូបសំណាក ព្រះអង្គចតុលោកបាលទាំង៤, ព្រះពុទ្ធរូបកណ្តាល តំណាងឲ្យឥន្ទ ព្រះព្រហ្ម និងនិមន្តព្រះសង្ឃរាប់បាត ១០៨អង្គ ដោយធ្វើឡើងនៅថ្ងៃ០៧-០៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ២០១៩ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ជាប់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងបានការចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត សមាជិកាសាខាសមាគមនារី មន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
លោកសាស្ត្រាចារ្យ ម៉ៅ សោភ័ណ្ឌ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងជាអ្នកគ្រប់គ្រងបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង បានរាយការណ៍ពីការកសាង និងការអភិវឌ្ឍន៍ ដោយបានជម្រាបជូន អំពីប្រាក់ចំណូល និងចំណាយ សម្រាប់ធ្វើការរៀបចំកសាងកែលម្អរ បូជនីយដ្ឋានប្រវត្តិសាស្ត្រនេះ។
លោកបានឲ្យដឹងថា ជារៀងរាល់ឆ្នាំទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋក្នុង និងក្រៅខេត្ត តែងតែមកកាន់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងសុំសេចក្តី សុខចម្រើន នាំមកនូវភោគផលស្រូវដំណាំ និងលាភសក្ការ ដល់សង្គមជាតិ និងក្រុមគ្រួសារ។
បើតាមតំណាលរឿងព្រេង លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាមជាមួយចោរសៀម ការពារទឹកដី។ រូបរាងកាយលោកឧកញ៉ា និងជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍ របស់ប្រជាជនទូទាំងខេត្ត ក៏ដូចជា ទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះ ទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានបួងសួងសុំឲ្យឆ្នាំនេះ មានទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ការងារដាំដុះ គ្មានគ្រោះមហន្តរាយ៕