(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា គិលានុបដ្ឋាក ជាអ្នកដែលជិតសិទ្ធិបំផុតជាមួយអ្នកជំងឺ ដូច្នេះចំាបាច់បំផុត ត្រូវតែខិតខំប្រឹងប្រែងពង្រឹង នូវចំណេះដឹងបន្ដទៀត តាមរយៈការបណ្ដុះបណ្ដាលផ្សេងៗដើម្បីទទួលបានចំណេះកាន់តែច្រើន ក្នុងការផ្ដល់សេវា ថែទាំសុខភាព ការអប់រំណែនាំ ទាំងការបរិភោគនិងការរស់នៅប្រកបដោយ សុខភាពល្អ។
ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រីសុខាភិបាល ក្នុងឱកាសអបអរសាទរ ទិវាគិលានុបដ្ឋាកអន្តរជាតិ ក្រោមប្រធានបទ «គិលានុបដ្ឋាក ចូលរួមធ្វើឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព គ្រប់ទីកន្លែងប្រកបដោយគុណភាព សុវត្ថិភាព និងសមភាព» ដែលប្រារព្ធធ្វើឡើង នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «គិលានុបដ្ឋាកយើងទាំង ១១,០១១នាក់ គឺមានការខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងការផ្ដល់សេវាថែទាំអ្នកជំងឺ។ ប៉ុន្ដែដើម្បីគ្របដណ្ដប់សុខភាពជាសកល គិលានុបដ្ឋាក ត្រូវតែពង្រឹងចំណេះដឹងប ន្ថែមទៀត ព្រោះនៅមានការងារជា ច្រើនទៀត ដែលត្រូវបំពេញ ទាំងការអប់រំ និងផ្ដល់ប្រឹក្សាដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ ជុំវិញនឹងការថែរក្សាសុខភាព តាមធ្វើ វិធានការងាយៗ ទៅដល់អ្នកជំងឺ ក្រៅពីការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយវិជ្ជាជីវៈស្របតាមនិយាមនៃការថែទាំ និងការថែទាំសុខភាពទាំងស្រុង លើសុខភាពផ្លូវកាយ ផ្លូវចិត្ត សង្គម និងសុខភាពផ្នែកជំនឿសាសនានោះ»។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានណែនាំ ដល់គ្រូពេទ្យទាំងអស់ ត្រូវចេះសាមគ្គី ចែករំលែកគ្នា ជួយគ្នាទៅវិញទៅមក និងសហការគ្នា ក្នុងការជួយសង្គ្រោះ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋយើងឱ្យមានភាពល្អប្រសើរ។
ជាមួយគ្នានោះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានចែករំលែក និងផ្ដល់សារគន្លះចំនួន ៩ចំនុច ដល់គិលានុបដ្ឋាកផងដែរ ក្នុងនាមលោកស្រីធ្លាប់ឆ្លងកាត់ បម្រើសេវាជាគិលានុបដ្ឋាក គិលានុដ្ឋាកយិកាបឋម រួមមាន៖
*ទី១៖ គ្រូពេទ្យ ឬគិលានុបដ្ឋាក គិលានុដ្ឋាកយិកា ត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន ក្រៅពីនោះ កុំភ្លេចការអនុវត្ដន៍គុណធម៌ ការចងនូវសម្ព័ន្ធភាព មិត្ដភាព សាមគ្គីភាពគ្នា និងចេះជួយគ្នាពេលមានទុក្ខលំបាក នោះយើងនឹងខ្លាំង
*ទី២៖ ឈរនៅលើភាពម្ចាស់ការ និងបង្កើននូវចំណេះដឹងរបស់យើង ដើម្បីឈានទៅមុខកាន់តែប្រសើរ
*ទី៣៖ បន្ដពង្រឹងសមត្ថភាព តាមរយៈការបណ្ដុះបណ្ដាល
*ទី៤៖ ត្រូវមានភាពទន់ភ្លន់
*៥៖ ជំរុញ និងបង្កើនផ្ដល់សេវាប្រកបដោយគុណភាព និងសុវត្ថិភាព
*៦៖ ចូលរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ
*៧៖ ត្រូវចេះមានទំនាក់ទំនងជាមួយផ្នែកផ្សេងៗ
*៨៖ ត្រូវគោរពបទដ្ឋានគតិយុត្ដិ
៩៖ ការថែរក្សាភាពស្អាត ជាប់ជានិច្ច ព្រោះយើងជាគំរូរបស់អ្នកជំងឺ៕