(បន្ទាយមានជ័យ)៖ មេក្លោងជាជនជាតិចិនចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលបើកប្រតិបត្តិការបំបែក ហើយឈានដល់ការបង្ក្រាប ព្រមទាំងបានរំដោះចំណាប់ខ្មាំងជាជនជាតិចិនដូចគ្នាចំនួន ៤នាក់ ក្នុងករណីបង្ខាំង និងចាប់ជំរិតទារប្រាក់ដ៏ធំមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ជា ពៅ បានបញ្ជាក់ថា កាលពីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនជាតិចិនឈ្មោះ ZHANG JIANZHONG ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរបុគ្គលិកសិប្បកម្មផលិតស័ង្កសី កាន់លិខិតឆ្លងដែនលេខ E09687514 លើបទល្មើសមួយនេះ។

ដោយមានបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, កម្លាំងនគរបាលរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ រៀល សុភា សហការជាមួយកម្លាំង នៃនាយកដ្ឋានប្រឆាំងនឹងល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ កែវ លី ព្រមទាំងសហការជាមួយកម្លាំងពីអធិការក្រុងប៉ោយប៉ែត នៃ ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នា២០១៩ បានបើកការស៊ើបអង្កេត និងបំបែកសំណុំរឿងចាប់ជំរិតទារប្រាក់ដ៏ធំមួយ ដោយបង្ខាំងជនរងគ្រោះនៅផ្ទះជួលមួយកន្លែង នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលកម្លាំងបានរំដោះចំណាប់ខ្មាំងចំនួន ៤រូប ដោយសុវត្ថិភាព និងចាប់បានមេក្លោង ២រូប។

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ Wang Daodong ជនជាតិចិន ភេទប្រុស ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ
E076741755 និងទី២ ឈ្មោះ JIANG FENG អាយុ៣៨ឆ្នាំ មិនមានលិខិតឆ្លងដែន។

ដោយឡែកជនរងគ្រោះរួមមាន៖

*ទី១៖ ឈ្មោះ Zhang Dongwei ជនជាតិចិន ភេទប្រុស កាន់លិខិតឆ្លងដែនលេខ EG2553324
*ទី២៖ ឈ្មោះ Li xuelin, អាយុ៥៦ឆ្នាំ កាន់ លិខិតឆ្លងដែនលេខ EC5759699
*ទី៣៖ ឈ្មោះ CUI XIAOBO អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EC2910391
*ទី៤៖ ឈ្មោះ LI WEN ZHENG អាយុ៣៨ឆ្នាំ។

បច្ចុប្បន្ន នាយកដ្ឋានបាបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕