(ភ្នំពេញ)៖ សំណុំរឿងប្ដឹងផ្ដល់គ្នារវាងលោក យិន សុវណ្ណី និងលោក ឡៅ ស៊ុនប៉ា មិនទាន់បញ្ចប់នៅឡើយទេ ហើយថ្មីៗនេះលោក យិន សុវណ្ណី បានដាក់ពាក្យបណ្ដឹង ប្ដឹងមន្រ្តីអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញម្នាក់ ឈ្មោះ ស៊ុន លៀងហេង ដោយចោទប្រកាន់អាជ្ញាសាលារូបនេះថា បានបង្កើតសំណុំរឿងអនុវត្តក្លែងក្លាយ ដើម្បីរឹបអូសផ្ទះរបស់ខ្លួនទៅឲ្យលោក ឡៅ ស៊ុនប៉ា។ នេះបើតាមពាក្យបណ្ដឹងចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ របស់លោក ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ។
ខ្លឹមសារនៃពាក្យបណ្ដឹងខាងលើលោក យិន សុវណ្ណី បានប្ដឹងទៅអាជ្ញាសាលាតុលាការរាជធានីភ្នំពេញ ឈ្មោះ ស៊ុន លៀងហេង ពីបទព្រហ្មទណ្ឌ ដោយលើក៣ចំណុច៖
ទី១៖ បានបង្កើតសំណុំរឿងអនុវត្តលេខ១៤៣ចុះ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៥ ក្លែងក្លាយរៀបចំគម្រោងការទុច្ចរិត ដើម្បីធ្វើស៊ី ឬចង់បានផ្ទះ លេខ៦២ EoE1E3 ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាផ្ទះរបស់ យិន សុវណ្ណី។
ទី២៖ អន្តរាគមន៍ដោយខុសច្បាប់ ទៅលើមន្ត្រីសាធារណៈតាមរយៈការបញ្ចេញលិខិតរបស់អាជ្ញាសាលា (ស៊ុន លៀងហេង) លេខ០៧ ចុះថ្ងៃទី២៦ ខែ៤ ឆ្នាំ២០១៩។
ទី៣៖ រំលោភបំពានច្បាប់កំពូល របស់ព្រះរាជាអាណាចក្រកម្ពុជា ដូចជារដ្ឋធម្មនុញ្ញ នៃព្រះរាជាអាណាចក្រកម្ពុជា ក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាអាណាចក្រកម្ពុជា ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាអាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោក យិន សុវណ្ណី សូមទាមទារសំណងជំងឺចិត្តចំនួន១លានដុល្លារ។ ក្រៅពីប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ លោកបានថែមទាំងចំលងនូវពាក្យបណ្ដឹងខាងលើ ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ក្រសួងយុត្តិធម៌, ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, អង្គភាពប្រឆាំងពុករលួយ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
តាមគម្រោង នៃការចុះអនុវត្តសំណុំរឿងក្លែងក្លាយខាងលើ ដោយអាជ្ញាសាលា លោក ស៊ុន លៀងហេង មានផែនការចុះអនុវត្តរឹបអូសនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីព្រឹក។ ក្នុងការចុះអនុវត្តនោះ អាជ្ញាសាលា លោក ស៊ុន លៀងហេង ស្នើឲ្យមានកម្លាំងចុះទៅជាមួយលោក មានមន្ត្រីសាលាខណ្ឌ តំណាងសង្កាត់ មន្ត្រីនគរបាល ចំនួន៣០នាក់ មន្ត្រីនគរបាលជាស្រីចំនួន៥នាក់ កងរាជអាវុធហត្ថចំនួន៣០នាក់ ព្រមទាំងឡានទឹក ឡានស្ទូច និងឧបករណ៍ សម្ភារៈដែលចាំបាច់សម្រាប់បើកទ្វារ ដែលបិទជិតថែមទៀតផង។
សូមបញ្ជាក់ផងដែរថា សំណុំរឿងក្ដីក្ដាំរបស់លោក យិន សុវណ្ណី និងលោក ឡៅ ស៊ុនប៉ា បានប្ដឹងគ្នាតាំងពី២០០៩មកម្ល៉េះ ហើយច្បាប់ ស្ដីពីក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័ត ខែឧសភា ឆ្នាំ២០០៦ នឹងត្រូវផ្សព្វផ្សាយច្បាប់នេះ១ឆ្នាំ ទើបអនុវត្តជាផ្លូវការ។ ចំពោះសំណុំរឿងអនុវត្តក្លែងក្លាយនេះ បែរជាកើតមុនការប្ដឹងផ្ដល់គ្នា និងកើតមុនច្បាប់ទៅទៀត។ រឿងក្ដីមួយនេះធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីមហាជន ហើយគេរង់ចាំមើលថា តើដំណាក់កាលចុងក្រោយ នឹងទៅជាយ៉ាងណា?។
ពាក់ព័ន្ធបណ្ដឹងចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នេះ អង្គភាពព័ត៌មាន Fresh News មិនអាចទាក់ទងសាកសួរព័ត៌មាន ពីមន្ត្រីអាជ្ញាសាលា សាលាដំបូងរាជធានីភ្នំពេញបានឡើយ៕