(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ បានកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ព្រមមន្ត្រីជំនាញក្រោមឱវាទ រួមទាំងមន្ត្រីអគ្គិសនីកម្ពុជាផងដែរ ដើម្បីជជីកសួរលើបញ្ហារ៉ែនិងថាមពល ក្រោយពីផ្ទុះនូវបាតុភាពអសកម្មមួយចំនួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ដែលទើបចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហាញថា ជំនួបនោះបានធ្វើឡើងពីម៉ោង ៨៖៣០នាទី រហូតដល់ម៉ោង ១២៖១២នាទី។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងទៀតថា ក្នុងជំនួបនោះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានជជីកសួរដេញដោលលើបញ្ហាជាច្រើនពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ និងការគ្រប់គ្រងថាមពលអគ្គិសនី និងប្រេងកាត។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបង្ហាញទៀតថា ក្នុងជំនួបសួរដេញដោលនោះ ឧត្តមក្រុមប្រឹក្សាបានជជីកសួរលើភាពអសកម្មក្នុងការគ្រប់គ្រងអាជីវកម្មរ៉ែ តែត្រូវបានក្រសួងបំភ្លឺមកវិញថា ការធ្វើអាជីវកម្មនេះ ពិបាកគ្រប់គ្រង និងត្រួតពិនិត្យ ព្រោះតែកន្លែងធ្វើអាជីវកម្មខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រដាច់ស្រយាល និងជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា ហេតុផលនេះ ធ្វើឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពិបាកទទួលយក ព្រោះក្រសួងមានរចនាសម្ព័ន្ធខ្សែបណ្តោយដល់មូលដ្ឋាន ហើយទីតាំងទាំងនោះ សុទ្ធតែមានអាជ្ញាធរដែនដីគ្រប់គ្រង។
សូមអានលទ្ធផលលំអិតនៃជំនួប ដែលប្រកាសដោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ៖