(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ នគបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនម្តាយ និងកូនស្រី ដែលបានរួមគ្នាសម្លាប់បុរសម្នាក់ ដែលត្រូវជាប្តី និងកូនប្រសារ ឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់ ក្រោយអ្នកទាំង២ បានសារភាពទោសកំហុស។

លើករណីនេះដែរ លោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានឲ្យអ្នកយកព័ត៌មានអង្គភាព Fresh News ដឹងថា ក្រោយបានដំណឹងពីករណីមនុស្សឃាតនេះ សមត្ថកិច្ចរបស់លោកបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងកំណត់ត្រាសំណុំឯកសារភ្លាមៗ ក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

ពាក់ពន្ធ័នឹងដើមចមនៃអពើឃាតកម្មនេះ សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្តាយ និងកូនស្រីបានសម្លាប់លើបុរសជាប្តី និងជាកូនប្រសារ គឺដំបូងបានកាប់រួចហើយ យកខ្សែភ្លើង និងស្កុតមកចងដៃជើង បន្ទាប់មកយកកាំបិតមកចាក់សម្លាប់បន្ថែម ព្រោះតែខ្លាចជងរងគ្រោះតដៃពួកគេវិញ។ រួចរាលើហើយ ក៏បាននាំគ្នាមកចូលមកសារភាពតែម្តង ដូច្នេះទើបជនដៃដល់ទាំង២នាក់ (ម្តាយ និងកូនស្រី) ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួននាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

សមត្ថកិច្ចបន្តថា ឃាតករទាំង២នាក់ ១-ឈ្មោះ គង់ ធីតា អាយុ៤៩ឆ្នាំ (ជាម្តាយ) មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង២-ឈ្មោះ ង៉ូយ សុម៉ារី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុលើផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដោយឡែកជនរងគ្រោះជាប្តីបានស្លាប់ មានឈ្មោះ គឹម យ៉ត អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។

បើតាមការសារភាពឃាតករទាំង២នាក់ថា គឺផ្តើមចេញពីទំនាស់រឿងលុយ រហូតឈានដល់រួមគំនិតគ្នា សម្លាប់តែម្តង។ តាមការសារភាពឲ្យដឹងទៀតថា ប្តីប្រពន្ធនេះបានរៀបការគ្នា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩កន្លងមក ហើយបាននាំគ្នាមកជួល ផ្ទះកើតហេតុស្នាក់។ លុះនៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នារីប្រពន្ធឈ្មោះ ង៉ូយ សុម៉ារី បានសុំលុយប្តី១ម៉ឺនរៀល ហើយប្តីមិនព្រមឲ្យ ក៏មានទំនាស់សម្តីបែកផ្សែង។ ខណៈនោះប្តីក៏បានប្រើហិង្សាចាប់ច្របាប់.កប្រពន្ធ (នារីដៃដល់)។

ពេលនោះនាងបានស្រែកហៅ ឱ្យម្តាយមកជួយ។ ភ្លាមនោះម្តាយឈ្មោះ គឹម ធីតា បានទាញកាំបិតបុ័ងតោ មកកាប់លើបុរសជាកូនប្រសារចំកញ្ចឹងក បណ្តាលឱ្យដួល។ ដោយសារតែខ្លាចតដៃ ប្រពន្ធឈ្មោះ ង៉ូយ សុម៉ារី បានយកខ្សែភ្លើង និងស្កុតចងរុំដៃ និងជើងរួច យកកូនកាំបិតចាក់២កាំបិត ថែមលើប្តីស្លាប់តែម្តង។

បន្ទាប់ពីរួមគំនិតគ្នាកាប់ និងចាក់សម្លាប់ហើយ ក៏បានចាក់សោផ្ទះ ហើយនាំទៅប្រាប់ឪពុកដែលជានគរបាល នាំខ្លួនពួកគេមកសារភាពតែម្តង។ កន្លងមកបន្ទាប់ពីរៀបការរួច ២នាក់ប្តីប្រពន្ធតែងមានទំនាស់គ្នាញឹកញយណាស់ ដែលភាគច្រើន គឺរឿងប្រចណ្ឌ។ ខណៈប្រពន្ធសុំប្តីទៅចុះសំបុត្រអាពាហ៍ពិហាហ៍ តែប្តីមិនព្រមទៅ ហើយចេះតែគេចថា ចាំ២ឆ្នាំទៀតសិនទើបរឿងរ៉ាវនេះ កើតជាគំនុំរហូតកើតនូវហិង្សាឃាតកម្មនេះតែម្តង។

យ៉ាងណាក៏ដោយ សម្រាប់គ្រូ និងសិស្សរួមជំនាន់របស់ជនរងគ្រោះ មិនបានជឿទៅលើការសារភាពរបស់ជនសង្ស័យទាំង ២នាក់ម្តាយ-កូននោះឡើយ ដែលថា ផ្តើមចេញពីលុយ១ម៉ឺនរៀល។ ទាំងគ្រូ និងសិស្សរួមថ្នាក់ បានលើកឡើងដូចគ្នាថា ជនរងគ្រោះជាមនុស្សស្លូតបូត សុភាពរាបសារ និងធ្លាប់បួសជាសង្ឃទៀតផង ដូច្នេះពួកគេសូមទទូចដល់តុលាការផ្តន្ទាទោសតាមច្បាប់ ទៅលើជនសង្ស័យទាំង២នាក់នេះឲ្យតឹងរឹងជាទីបំផុត។

តាមរយៈអង្គភាព Fresh News សម្រាប់លោកបណ្ឌិត គិន ភា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ ដែលបានបង្រៀនលោក គឹម យ៉ត នៅថ្នាក់ទំនាក់ទំនងអន្តរជាតិរយៈពេល ៤ឆ្នាំ បានលើកឡើងថា «បុរសកំសត់ម្នាក់នេះ ជាអតីតនិស្សិតរបស់ខ្ញុំតាំងពីនៅជាបុព្វជិតរហូតលាចាកសិក្ខាបទ ជាគ្រហស្ថរយៈពេល៤ឆ្នាំ, គាត់សុភាពរាបសារ ស្លូតបូត មិនសូវមាត់កទេ, ឧស្សាហ៍រៀនសូត្រ គោរពវិន័យ និងអំណត់។ តែគួរឱ្យស្តាយ គាត់រៀបការចំស្រីចិត្តសាហាវ។ ពិតជាគួរឱ្យសង្វេគពន់ពេកណាស់ ខំរត់ពីដែនដីកំណើតខ្មែរក្រោម មកកាន់ខ្មែរកណ្តាល ខិតខំរៀនសូត្រ គិតថាបានសុខ មិននឹកស្មានថា ស្រីទុយ៌សបញ្ចប់ជីវិតគ្នាដោយបែបនេះសោះ»

ដោយឡែកតាមការលើកឡើងរបស់លោក ម៉ៅ ច័ន្ទសុវណ្ណី ដែលជាមិត្តភ័ក្តជិតស្និតបំផុតដែលលោក គឹម យ៉ត តែងតែខ្ចីប្រាក់ចាយវាយជាប្រចាំ បានក៏បានបញ្ជាក់ថា រឿងដែលថាម៉ារីសុំលុយដូចជា មិនត្រូវទេ ព្រោះគាត់បើកលុយហើយ ឲ្យប្រពន្ធទាំងអស់ តែប្រពន្ធមិនចេះទុកដាក់បែរឲ្យម៉ែជាអ្នកកាន់ទៅវិញ ការចាយវាយប្រចាំគាត់ គឺឧស្សារហ៍ខ្ចីលុយខ្ញុំ មិត្តភក្តិផ្សេងៗ និងក្រុមការងារនៅ Kh Land ដើម្បីចំណាយប៉ុណ្ណោះ។ ការប្រតាយប្រតប់គ្នា ជា ម៉ារី ក៏ទៅមិនរួចដែរ ដោយមានហេតុផលថា៖

*ទី១៖ រាល់ពេលមានជម្លោះ គាត់តែងតែដើរចេញ មិនប្រើហិង្សា
*ទី២៖ គាត់មិនហ៊ានសម្លាប់សូម្បីតែមាន់ទា
*ទី៣៖ ប្រពន្ធគាត់អ្នកធ្លាប់ហាត់យូដូយ៉ាងស្ទាត់មួយរូប ដែលគាត់មិនអាចធ្វើបាបនាង រហូតម៉ែក្មេកមកជួយទេ
*ទី៤៖ បើមានការប្រតាយប្រតប់គ្នា ហេតុគ្មានសំឡេងផ្អើលដល់អ្នកជិតខាង?

បើតាមការវិភាគលើចំណុចគួរឲ្យសង្ស័យបន្ថែមទៀតរបស់មិត្តភក្តិជនរងគ្រោះមានដូចជា៖

*ទី១៖ នៅកន្លែងកើតហេតុ បានរកឃើញសឺរ៉ាង និងម្ជុល តើហេតុអ្វីបានមានរបស់នេះនៅក្រោមគ្រែ?
*ទី៖ សពមានសភាពជាំដុំៗ ដោយសារអ្វី?
*ទី៣៖ តើរកការុងមកពីណា សម្រាប់រុំសព
*ទី៤៖ ប្រសិនកាប់ដោយអចេតនា ហេតុអ្វីក៏ចំក្រោមថ្គាម លើកលែងតែជនរងគ្រោះ ងើយឲ្យកាប់ ឬដេកឲ្យកាប់?
*ទី៥៖ បើប្រតាយប្រតប់គ្នាមែន ហេតុអ្វីស្រ្តីជាប្រពន្ធមិនមានស្នាមរបួស ជាពិសេសចំណុច-ក ដែលនិយាយថា គេច្របាច់កនោះ?។

សម្រាប់គ្រូ និងមិត្តភក្តិរបស់ជនរងគ្រោះ បានប្រកាសថា ពួកគេត្រៀមចូលធ្វើជាសាក្សីឲ្យសពជនរងគ្រោះ បើសិនតុលាការត្រូវការនោះ។

បើទោះបីជាចំឡើយសារភាពរបស់ជនសង្ស័យទាំង ២នាក់ ផ្សេង និងការលើកហេតុផលផ្សឹងពីសំណាក់គ្រូ និងសិស្សៗរួមជំនាន់ក៏ដោយនោះ តែដំណើរការរឿងក្តីនេះ កំពុងស្ថិតនៅក្នុងដៃតុលាការ នៅឡើយ ហើយការសម្រេចយ៉ាងណានោះ ជាឆន្ទានុសិទ្ធិរបស់ស្ថាប័ននេះតែប៉ុណ្ណោះ៕