(ព្រះសីហនុ)៖ ប្រជាពលរដ្ឋប្រទះឃើញកេសដាក់កាំភ្លើង២ដើម និងគ្រាប់មួយចំនួន ពេលកាយដីសម្រាប់ធ្វើផ្ទះ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅព្រឹកមិញនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ បានរាយការណ៍ថា គាត់បានកាយដីសម្រាប់សង់ផ្ទះបានប្រទះឃើញកេសមួយ មានកាំភ្លើងខ្លី២ដើម មានបង់ និងគ្រាប់មួយចំនួន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ភ្លាមៗនោះកម្លាំងជំនាញបានចុះទៅដល់ទីតាំងដូចខាងលើ និងបានពិនិត្យឃើញមាន អាវុធខ្លីម៉ាកK54 ចំនួន១ដើម (គុណភាព៧០%) បង់១ គ្រាប់ចំនួន៣៤គ្រាប់, អាវុធខ្លីម៉ាក ប៉េអាកុលចំនួន១ដើម (គុណភាព៧០%) បង់១ គ្រាប់ចំនួន១៣គ្រាប់, បង់អឹមសីចំនួន៥បង់ (គ្មានគ្រាប់), គ្រាប់ដែក១គ្រាប់ មិនស្គាល់ម៉ាក។
ក្រោយពិនិត្យចប់សព្វគ្រប់ បច្ចុប្បន្នអាវុធ និងគ្រាប់ទាំងអស់នោះ ត្រូវបានកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ យកមករក្សាទុក៕