(បាងកក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងសន្និបាតនោះ សម្តេច ចែករំលែកបទសោធន៍ដ៏សំខាន់ដល់អង្គសន្និបាត UN-ESCAP អំពីជោគជ័យដ៏ធំធេងបំផុតរបស់កម្ពុជា ក្នុងការបញ្ចប់សង្រ្គាមស៊ីវិល តាមរយៈគោលនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចផ្ទាល់។
សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍ការារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក។
ថ្លែងទៅកាន់អង្គសន្និបាត ដែលក្នុងនោះមានលោក ដាមឌីន ជូសបាតា (Damdin Tsogtbaatar) ប្រធានសន្និបាត, លោក បាន ឱរ៉ាវេស៊ី រ៉ាហ្គា (Baron Divavesi Waqa) ប្រធានាធិបតីនៃប្រទេសនូរ, លោកស្រី អារមីដា សាលស៊ីយ៉ា អាលីសចាបាណ (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង ជាប្រធាន ESCAP និងតំណាងប្រទេសជាង៥០ផ្សេងទៀតនោះ សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍អំពីជោគជ័យរបស់កម្ពុជា ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងការធ្វើបរិយាប័ន្នកម្ម តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ សម្រាប់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និង គ្រប់និន្នាការនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ប្រទេសកម្ពុជា បានទទួលសុខសន្តិភាព និង ការបង្រួបបង្រួមជាតិសម្រាប់ប្រទេសទាំងមូលជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នៅចុងឆ្នាំ១៩៩៨ ដែលជាថ្ងៃ នៃកំណើតនយោបាយឈ្នះ-ឈ្នះ។
សម្តេចបានថ្លែងរម្លឹកថា សង្គ្រាមដែលបានអូសបន្លាយរយៈពេលជាង ៣០ឆ្នាំ ត្រូវបានបញ្ចប់ទាំងស្រុង នៅពេលកងទ័ពខ្មែរក្រហម បានចុះចូល និង ចូលរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ នេះគឺជាលទ្ធផលទទួលបានពីគោលនយោបាយឈ្នះ-ឈ្នះ ដែលយើងបានដាក់ចេញមកដោយខ្លួនឯង ដោយគ្មានការបង្គាប់បញ្ជា ឬ ជំនួយពីខាងក្រៅ ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនថា គោលនយោបាយឈ្នះ-ឈ្នះ មានរួមបញ្ចូលសមាសធាតុជាមូលដ្ឋានចំនួន ៣សំខាន់ៗ គឺ៖ ទី១៖ ការធានាថា បុគ្គលគ្រប់រូបអាចបន្តរស់រានមានជីវិត, ទី២៖ ការធានាថា បុគ្គលគ្រប់រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត និង ទី៣៖ ការធានាការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា។ ជាលទ្ធផលនៃ គោលនយោបាយឈ្នះ-ឈ្នះនេះ សង្គ្រាម និងជម្លោះប្រដាប់អាវុធ ត្រូវបានបញ្ចប់ទាំងស្រុងហើយកម្ពុជាអាចដោះស្រាយបាននូវបញ្ហាគ្រប់យ៉ាង តាមរយៈការកសាងទំនុកចិត្តរវាងខ្មែរ និង ខ្មែរ ដែលជាប្រការ នាំមកនូវសន្តិភាពដ៏រឹងមាំ ហើយចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ។
សម្តេចបានថ្លែងទៀតថា សន្តិភាព គឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុត សម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ។ លើមូលដ្ឋាននេះ, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ ហើយបានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ព្រមទាំងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ ២០១៥ កន្លងទៅ។ អត្រាភាពក្រីក្រនៅកម្ពុជា បានបន្តធ្លាក់ចុះជាលំដាប់ពីជាង ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នាបច្ចុប្បន្ន ។
សម្តេចក៏បានបញ្ជាក់ទៀតថា វិស័យសុខាភិបាល និងអប់រំ ក៏សម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ទោះបីនៅមានសេសសល់បញ្ហាប្រឈមមួយចំនួន ដែលរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយក៏ដោយ។ ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ, កម្ពុជាមានមហិច្ឆិតាក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិ តាមរយៈការប្រែក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ជាមួយគ្នានេះផងដែរ សម្តេចក៏សូមយកឱកាសនេះ គូសរំលេចអំពីកិច្ចប្រឹងប្រែង និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវគោលដៅ: «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោលតាមរយៈការជំរុញអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍ជាគន្លឹះ ចំនួន៣គឺ ៖
ទី១៖ ការដាក់ចេញនូវក្របខណ្គោលនយោបាយជាតិគាំពារសង្គម ២០១៦-២២៥ ដើម្បីបង្កើតផែនការយុទ្ធសាស្រ្តក្នុងការធានាឱ្យមានសុវត្ថិភាពប្រាក់ចំណូល និង កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ប្រជាជន និង ពង្រឹងសាមគ្គីភាពក្នុងសង្គម ។
ទី២៖ ការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និង មានតម្លៃសមរម្យ តាមរយៈមូលនិធិសម
ធម៌សុខាភិបាល ដែលបានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ ព្រមទាំងការផ្តល់នូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ដល់ស្រ្តីសម្រាលកូន ក៏ដូចជាដល់ស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ ឆ្នាំ នៃគ្រួសារក្រីក្រ ។
ទី៣៖ ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ដែលសំដៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់ ដោយយកចិត្តទុកដាក់លើការប្រែប្រួលនៃកត្តាប្រជាសាស្ត្រ ជាមួយនឹងចក្ខុវិស័យនៃការធានាថា មនុស្សវ័យចាស់អាចចូលរួមដោយសេរី និង មានសេចក្តីថ្លៃថ្នូរ នៅក្នុងគ្រួសារ, សហគមន៍, សកម្មភាពសេដ្ឋកិច្ច, សកម្មភាពសាសនា និង សកម្មភាពនយោបាយ តាមបំណងប្រាថ្នារបស់ពួកគាត់ ហើយប្រជាជនវ័យក្មេង ក៏ត្រូវតែទទួលបានចំណេះដឹង និង ជំនាញ ដែលអាចអនុញ្ញាតឱ្យពួកគេរស់នៅប្រកបដោយផលិតភាព, សុខភាពល្អ, មានភាពសកម្ម និង មានសេចក្តីថ្លៃថ្នូរ នៅពេលពួកគេឈានដល់វ័យចំណាស់។
សម្តេចក៏បានបន្តទៀតថា បទពិសោធន៍របស់កម្ពុជា បានបញ្ជាក់ច្បាស់ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍ ហើយបើសរុបមកវិញ ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ពង្រឹង និងធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម។ លើមូលដ្ឋាននៃបទពិសោធន៍នេះ, ប្រជាជាតិកម្ពុជាទាំងមូល ផ្តល់តម្លៃខ្ពស់បំផុតចំពោះការខិតខំបន្តថែរក្សាសន្តិភាព និង ស្ថិរភាពព្រមទាំងការជំរុញកិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ដែលបច្ចុប្បន្ននេះ កំពុងតែហុចផ្លែផ្កាយ៉ាងពិតប្រាកដ ជាប្រយោជន៍ជូនដល់ពលរដ្ឋកម្ពុជា នៅគ្រប់ច្រកល្ហកក្នុងផ្ទៃប្រទេស៕