(ព្រះសីហនុ)៖ មេឃុំកែវផុស គឺលោក ផេង មីន ត្រូវបានម្ចាស់កម្មសិទ្ធិដីស្របច្បាប់ចំនួន២គ្រួសារ ធ្វើការចោទប្រកាន់ថាបានរំលោភបំពានយកដីរបស់ពួកគាត់ដោយ គ្មានការអនុញ្ញាតដោយសំអាងថាយកទៅសាងសង់ទីស្នាក់ការសាលាឃុំដោយយកឈ្មោះថ្នាក់លើមកគំរាមថាជាអ្នកប្រើអោយធ្វើ។
លោក ផូ វុឌ្ឍី និងលោក ហ្វាន់ វ៉ីមីន ដែលអះអាងថាពួកគាត់មានដីស្របច្បាប់នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានបណ្ណកម្មសិទ្ធិស្របច្បាប់ ចេញដោយមន្ទីរសុរិយោដីនៅក្នុងខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ស្រាប់តែនៅពេលថ្មីៗនេះ មានគេដឹកអាចម៏ដីយកទៅចាក់នៅលើដីដែលជាកម្មសិទ្ធិរបស់លោក ហើយខណៈលោកទៅធ្វើការសួរនាំរកមុខអ្នកចាក់ដី ស្រាប់តែលោកផេង មីន មេឃុំកែវផុស ចេញមុខមកអះអាងថា លោកជាអ្នកបញ្ជាអោយគេចាក់ដីដើម្បីយកដី នេះសាងសង់ទីស្នាក់ការសាលាឃុំ ហើយចំណាត់ការនេះ គឺលោកធ្វើតាមបញ្ជាថ្នាក់លើ។
លោក ផូ វុឌ្ឍី និងលោក ហ្វាន់ វ៉ីមីន បានអះអាងថា ដីខាងលើ គឺពួកលោក បានទិញជាយូរមកហើយ ក្រោយមកក៏មានការប្ដឹងផ្ដល់គ្នាជាមួយឧកញ៉ាម្នាក់តាំងពីសាលាដំបូងរហូតដល់តុលាការកំពូលកាត់អោយភាគីលោកឈ្នះ និងសាលដីកា ចូលជាស្ថាពរទៀតផង។
ក្រោយមក គណៈកម្មការចម្រុះបានដឹកនាំកម្លាំងចុះអនុវត្តសាលដីកាដោយមានយកអេស្កាទៅកាយព្រំជំរៅ១ម៉ែត្រ បោះបង្គោលធំៗចំណាំ និងពួកលោកបានឯកភាពជាមួយអាជ្ញាធរ ព្រឹទ្ធាចារ្យក្នុងភូមិកាត់ឆ្វៀលដីរបស់ពួកលោកមួយផ្នែកដែលអ្នកភូមិអះអាងថាជាដីលោកតាដំបូកខ្មៅដើម្បីទុកជាកន្លែង ទីសក្ការៈគោរពបូជារបស់អ្នកភូមិដោយមានកាយប្រឡាយកំណត់ព្រំ និងកំណត់និយាមការត្រឹមត្រូវ និងអាជ្ញាធរស្រុកធ្វើការណែនាំអោយអាជ្ញាធរឃុំកែវផុសមើល ការខុសត្រូវកុំអោយមានការទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិនេះសារជាថ្មីទៀតផង ព្រោះតែកន្លងមកធ្លាប់មានប្រជាជនរាប់រយគ្រួសារចូលមកទន្ទ្រានសង់ផ្ទះ សង់ខ្ទង់ រស់នៅយ៉ាងអនាធិបតេយ្យម្ដងរួចមកហើយ ទម្រាំម្ចាស់ដីដោះស្រាយគោលនយោបាយជាមួយអ្នកចូលទន្ទ្រានកាន់កាប់ទាំងអស់នោះរួចរាល់ ហើយសូម្បីតែលោក ផេង មីន មេឃុំកែវផុសរូបនេះក៏បានចូលរួមវាស់វែងដឹងឮផងដែរ។ប៉ុន្តែខណៈមន្ត្រីជំនាញសុរិយោដីខេត្តព្រះសីហនុចុះទៅវាស់វែងដើម្បីធ្វើបណ្ណកម្មសិទ្ធិមានលក្ខណៈ ជាប្រព័ន្ធជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនៅឃុំកែវផុស ស្រាប់តែមន្ត្រីអាជ្ញាធរឃុំមិនព្រមអនុវត្តតាមការណែនាំទេ បែរជាហ៊ានចង្អុរបង្ហាញ និងផ្ដល់ព័ត៌មានបំភ័ន្ត ដល់ក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធអោយវាស់វែងរំលោភបំពានមកលើដីកម្មសិទ្ធិរបស់ពួកលោកទៅវិញ។
បច្ចុប្បន្នដោយមិនអាចឈរមើលមេឃុំ ដែលគេចាត់ទុកថាជាជនគំរូក្នុងការអនុវត្តច្បាប់ នៅតាមមូលដ្ឋានសំរាប់ប្រជាពលរដ្ឋយកតម្រាប់តាម បែរជាខ្លួនឯងមកបំពាន ច្បាប់រំលោភយកដីកម្មសិទ្ធិអ្នកដ៏ទៃបែបនេះ ពួកលោកក៏សំរេចដាក់ពាក្យបណ្ដឹង សុំអន្តរាគមន៏ទៅអភិបាលខេត្តព្រះសីហនុ នឹងប្ដឹងទៅក្រសួងមហាផ្ទៃដើម្បីទាមទាររក យុត្តិធម៌ផងដែរ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើ នៅវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ផេង មីន មេឃុំកែវផុស បានថ្លែងប្រាប់អង្គភាព ព័ត៌មាន Fresh News តាមទូរស័ព្ឌអោយដឹងថា ទីតាំងដីខាងលើ លោកពិតជាយកធ្វើសាលាឃុំមែន តែមិនមែនលោកធ្វើដោយចិត្តឯងនោះទេ ត្រឹមលោកជាមេឃុំ គ្មានសិទ្ធិទេ គឺលោកធ្វើតាមការបញ្ជាថ្នាក់លើ និងការសំរេចរបស់ឧកញ៉ា ព្រោះវាជាដីទីសក្ការៈលោកតាដំបូកខ្មៅរបស់អ្នកភូមិ ហើយកន្លងមកដោយសារគេទុកដីសក្ការៈ តូចពេក ទើបអ្នកភូមិសុំថែម ហើយខាងឧកញ៉ា ឃើញដីនឹងទំនេរក៏សំរេចអោយយកធ្វើជាទីតាំងសាលាឃុំទៅ។
ប៉ុន្តែការអះអាងរបស់មេឃុំខាងលើ ត្រូវបានលោក ផូ វុឌ្ឍី និងលោក ហ្វាន់ វ៉ីមីន ដែលជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ លើកឡើងថា ដីខាងលើមានបណ្ណកម្មសិទ្ធិចេញដោយមន្ត្រីជំនាញត្រឹមត្រូវ ហើយចំពោះដីរក្សាទុកជាដីទីសក្ការៈ កន្លងមកក៏មានការឯកភាពគ្នាពីភាគីម្ចាស់ដី ពីព្រឹទ្ធាចារ្យភូមិ និងពីអាជ្ញាធរដឹងឮត្រឹមត្រូវដោយគ្មានការបង្ខិតបង្ខំនោះទេ រួមទាំងមានការកាយព្រំ បោះបង្គោលថ្មចំណាំ ត្រឹមត្រូវរួចហើយ បើចង់ធ្វើសាលាឃុំ គេគួរតែធ្វើលើដីសាធារណៈដែលមានទទឹងជិត១៥០ម៉ែត្រ បណ្ដោយ៣០០ម៉ែត្រនៅជាប់ខាងជើងដីនឹងទៅ រឿងអីមកបំពាន យកដីមានបណ្ណកម្មសិទ្ធិឯកជនទៅធ្វើសាលាឃុំដោយគ្មានការអនុញ្ញាតពីម្ចាស់បែបនេះទៅវិញ។
ចុងក្រោយលោក ផូ វុឌ្ឍី និងលោក ហ្វាន់ វ៉ីមីន ដែលជាម្ចាស់កម្មសិទ្ធិដីខាងលើសំណូមពរដល់សម្ដេចក្រឡាហោម ស ខេង ជួយធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី មេឃុំកែវផុស រំលោភបំពានយកដីកម្មសិទ្ធិរបស់ពួកលោកដើម្បីផ្ដល់នូវភាពយុត្តិធម៌ ដល់រូបលោកផងដែរ ហើយក៏ដូចជាការចូលរួមទប់ស្កាត់ភាពអនាធិបតេយ្យដើរចាប់ យកដីកម្មសិទ្ធិអ្នកដ៏ទៃក្រោមរូបភាព «ផ្ទះហោះ ឈ្នះបានដី ចាញ់បានលុយ» ដែលបច្ចុប្បន្ននៅទូទាំងខេត្តព្រះសីហនុ កំពុងតែមានសកម្មភាពរួចមកហើយរបស់ក្រុមជនខិល ខូចមួយចំនួននោះ។
ពាក់ព័ន្ធភាពមិនប្រក្រតី មន្ត្រីអាជ្ញាធរឃុំកែវផុសយកដីកម្មសិទ្ធិឯកជនទៅធ្វើទីស្នាក់ការសាលាឃុំដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិខាងលើនេះ អង្គភាពព័ត៌មាន Fresh News នឹងរង់ចាំមើលចំណាត់ការរបស់ក្រសួងមហាផ្ទៃ និងសាលាខេត្តព្រះសីហនុទៅលើមន្ត្រីអាជ្ញាធរថ្នាក់ក្រោមដែលរំលោភយកដីកម្មសិទ្ធិឯកជនខាងលើនេះតទៅទៀត៕