(ថៃ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំរបស់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។
សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍ការារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក។
នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះមួយចំនួន ដើម្បីចែករំលែកបទពិសោធន៍ដ៏ជោគជ័យក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស រយៈពេលជាង៤០ឆ្នាំមកនេះ។
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៥របស់ UN-ESCAP នៅបាងកក៖