(ភ្នំពេញ)៖ លោក យ៉ន សេងហាន ស្ថាបនិកក្រុមហ៊ុន សេង ហាន បានលើកឡើងថា ក្រុមហ៊ុនរបស់លោក មានបុគ្គលិកឆ្នើមមិនក្រោម ១០០នាក់នោះទេ ខណៈដែលបុគ្គលិកទាំងនោះ ក៏ដើរតួជាអ្នកបណ្ដុះសមាជិកថ្មីៗ សរុបមិនក្រោម១ពាន់នាក់ឡើយ ឲ្យក្លាយជាបុគ្គលជោគជ័យ ដែលអាចរកចំណូលពីការងារ លក់ដីឲ្យក្រុមហ៊ុន ដែលមានចំណូលមិនក្រោមពាន់ដុល្លារ ដែលមិនខុសពីជួយឲ្យអ្នករៀនសូត្របានទាបភាគច្រើន ចៀសផុតពីការធ្វើចំណាកស្រុក។

លោក យ៉ន សេងហាន បានថ្លែងនៅក្នុងពិធីបណ្ដុះបណ្ដាលជំនាញផ្នែកអចលនទ្រព្យ ដោយមានអ្នកចូលរួមជាង ១ពាន់នាក់ កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៩។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ មានបុគ្គលិកឆ្នើមៗជាច្រើនរូប ដែលត្រូវបានបំពាក់ឆៀង បំពាក់មេដាយ ប្រគល់ពាន និងដំឡើងតួនាទី គឺសុទ្ធតែបានណែនាំប្រវត្តិខ្លួនថា ជាអតីតកូនជាងឡាន ជាកម្មកររោងចក្រ និងជាអ្នករៀនសូត្រមិនចប់ថ្នាក់ទី១០។

លោក យ៉ន សេងហាន បានអះអាងថា ដោយសារតែលោកចង់លើកទឹកចិត្តបុគ្គលិក និងចង់ឲ្យអ្នករៀនសូត្របានទាប មានឱកាសរកចំណូលបានខ្ពស់ពីវិស័យអចលនទ្រព្យ ទើបលោកបើកវគ្គបណ្ដុះបណ្ដាល ដោយយកបុគ្គលិកឆ្នើមៗ ឲ្យមកឧទ្ទេសនាមពីវិធីវិវត្តន៍ខ្លួន ក្លាយជាបុគ្គលជោគជ័យ។ លោកថា «ជោគជ័យរបស់មនុស្សមិនមែនទាល់តែរៀនចប់មហាវិទ្យាល័យ ឬ មានដើមទុនច្រើននោះទេ»។

លោកបន្តថា ខ្លួនបានជោគជ័យមិនមែន ដោយសារតែលោករៀនបានខ្ពស់ និងមានដលមទុនច្រើននោះទេ ប៉ុន្តែអ្វីដែលលោកទទួលបានផ្លែផ្កានៅក្នុងពេលនេះ គឺដោយសារតែលោកសម្រេចចិត្ត បោះបង់ អាជីពជាអ្នកបកប្រែភាសាថៃ ក្រោយរៀនមិនចប់បាក់ឌុប ហើយប្រថុយនាំចូលផលិតផលអាហារបំប៉ន ទាំងមានមនុស្សភាគច្រើនមិនជឿថាលោកអាចដើរទៅមុខ។

បន្ទាប់មកលោកក៏បែកគំនិត ធ្វើជាគ្រូបណ្ដុះបណ្ដាលពីភាពជោគជ័យ និងចុងក្រោយហ៑ានបើកក្រុមហ៊ុនពុះដីឡូតិ៍លក់ តាមរយៈការផ្ដល់ឱកាសឲ្យមហាជនចូលហ៊ុនដើម្បីទិញដីពុះលក់។ លោកថា យុទ្ធសាស្ត្រ បើខាតប្រគល់ដី និងបើចំណេញនឹងប្រគល់ភាគហ៊ុនចំណេញជូនសមាជិកម្នាក់ៗ បានជួយឲ្យក្រុមហ៊ុនកាន់តែពង្រីកខ្លួនបានធំ ខណៈដែលក្នុងពេលនេះ លោកថា ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុរឹងមាំ ដោយមិនទាន់ត្រូវការការចូលរួមភាគហ៊ុនទៀតទេ។

ស្ថាបនិកក្រុមហ៊ុន សេង ហាន បានអះអាងថា លោកបានចំណាយប្រមាណជិត ៦ម៉ឺនដុល្លារ រៀបចំពិធីបណ្ដុះបណ្ដាលជំនាញផ្នែកអចលនទ្រព្យកាលពីថ្ងៃទី២៦ ឧសភា ដើម្បីចែករំលែកចំណេះដឹងជោគជ័យ ចែករង្វាន់លើកទឹកចិត្ត បំពាក់មេដាយ បំពាក់ឆៀង ប្រគល់ពានឆ្នើម និងដំឡើងតំណែងដល់បុគ្គលិកឆ្នើម ដោយលោកបញ្ជាក់ថា បើគ្មានបុគ្គលិកដែលមានសមត្ថភាពទាំងអស់នោះទេ ក៍ក្រុមហ៊ុនអចលនទ្រព្យសេងហាន មិនមានថ្ងៃនេះលឿនដល់ម្លឹងនោះដែរ។

លោកក៏បានប្រគល់ភាគហ៊ុន និងផលចំណេញ ប្រគល់ជូនដល់សមាជិកភាគហ៊ុនទាំងអស់ ក្រោយវិនិយោគជាមួយក្រុមហ៊ុនបានមួយឆ្នាំ ដើម្បីបង្ហាញថាអ្នកវិនិយោគជាមួយក្រុមហ៊ុន ក្រៅពីគ្មានហានិភ័យ គឺពិតជាបានប្រាក់ចំណេញ តាមអ្វីដែលបានព្រមព្រៀង៕