(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់ថា អ្នកបើករថយន្តល្មើសច្បាប់ទាំងរថយន្តតូច ទាំងធំ នៅតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់ ទាំងយប់ទាំងថ្ងៃ យ៉ាងណាក៏ដោយ។

លោក សំ លាងទ្រី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះថា ពេញមួយខែឧសភា ឆ្នាំ២០១៩នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសខេត្ត បានត្រួតពិនិត្យយានយន្តសរុបចំនួន ៣៤៧គ្រឿង ក្នុងនោះ៖

*ពិនិត្យឃើញថា ត្រឹមត្រូវ ១៥៤គ្រឿង
*កាត់ទ្រុងនៅនឹងកន្លែង ០៣គ្រឿង
*ដឹកសំពីងសំពោង ចំនួន២៣គ្រឿង
*ខ្វះឯកសារ ចំនួន ១៥៤គ្រឿង
*ឯកសារក្លែងក្លាយ ចំនួន ០២គ្រឿង
*ដោះរានតខាងក្រោយ ០៩គ្រឿង
*បណ្ណបើកបរក្លែងក្លាយចំនួន ០១បណ្ណ
*រថយន្តមិនមានផ្លាកលេខ០១គ្រឿង។

លោកថា យានយន្តទាំងនោះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ អប់រំណែនាំ និងផាកពិន័យតាមនីតិវិធីច្បាប់រួចរាល់។

លោកប្រធានមន្ទីរ បានថ្លែងទៀតថា បើផ្អែកតាមតួលេខដែលក្រុមការងារធ្វើការពិនិត្យរយៈពេលមួយខែឧសភា ឆ្នាំ២០១៩នេះឃើញថា ម្ចាស់រថយន្តភាគច្រើន មិនបានគោរពតាមច្បាប់ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ដែលករណីនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមអំពាវនាវឲ្យម្ចាស់យានយន្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ពោលគឺកុំដឹកលើសទម្ងន់ កុំកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងកុំដឹកសំពីងសំពោងជាដាច់ខាត៕