(ភ្នំពេញ)៖ នារីម្នាក់ ស្រវឹងស្រាបើករថយន្ត PRIUS លឿនជ្រុលទៅបុករះរបងស័ង្កសី និងបង្គោលភ្លើងស្តុបបណ្ដាលឲ្យរថយន្តផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ អ្នកបើកបរមិនមានរងគ្រោះថ្នាក់អ្វីនោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង ២យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីស្រស់សោភាម្នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាក PRIUS ពណ៌ឈាមជ្រូក ពាក់ស្លាកភ្នំពេញ 2AX-2541 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ ចំណុចកើតហេតុដោយរថយន្តបើកលឿនបួងចង្កូតមិនទាន់ ក៏ជ្រុលបុករះរបងស័ង្កសី និងបង្គោលភ្លើង ស្តុបបណ្ដាលឲ្យរថយន្តផ្ងារជើងម្ខាងទៅមុខលែងរួច។ ភ្លាមៗនោះ នារីស្រស់សោភាខាងលើ ត្រូវបានអ្នកបើកកង់បីបានជួយទាញយកចេញមកក្រៅរួចរត់គេចខ្លួនចេញពីកន្លែងកើត ហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែង ដើម្បីយករថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕