(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក-លោកស្រីប្រធានគណបក្សសង្កាត់ទាំង៧ និងសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួន ឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបំរើ ការពារ និងគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងពេញទំហឹង។
ការថ្លែងអំណរគុណរបស់លោក ជា ពិសី ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ក្នុងចំណោមគណបក្សចំនួន៥ ដែលចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលបឋម៦៥លើ ៦៥សម្លេង ពោលគឺជោគជ័យ ១០០% បើគិតត្រឹមម៉ោង១១៖០០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ។
ក្រោយពីទទួលបានលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ យ៉ាងល្អប្រសើរបែបនេះ ក្រៅពីការថ្លែងអំណរគុណ លោកប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ជា ពិសី និងសហការី សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតាឆ្នាំថ្មី ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងក្រុមការងារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕