(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សា បានដាក់ពង្រាយសមាជិករបស់ខ្លួន ២៣៤នាក់ទៅតាមការិយាល័យបោះឆ្នោតទាំង២០៣នៅទូទាំងប្រទេស ដើម្បីតាមដាន និងសង្កេតលើដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌអាណត្តិទី៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានមើលឃើញពីភាពល្អប្រសើរនៃដំណើរការនៃការបោះឆ្នោតនេះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលធ្វើឱ្យការបោះឆ្នោតដំណើរការទៅដោយបរិយាកាសល្អមានសណ្តាប់ធ្នាប់របៀបរៀបរយ និងគ្មានបាតុភាពណាមួយនាំឱ្យរំខានដល់ដំណើរការបោះឆ្នោតនោះឡើយ។
លោក ហេង វណ្ណដា បានចាត់ទុកដំណើរការនៃការបោះឆ្នោតនេះ គឺជារូបភាពដ៏រស់រវើកនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ លោកបានអះអាងទៀតថា ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានៅតែមានដង្ហើមមិនបានស្លាប់ដោយការលើកឡើងរបស់ជនមួយចំនួននោះឡើយ។
«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនមែនជាលទ្ធិប្រជាធិបតេយ្យអាក្រក់នោះទេ។ ជនអវិជ្ជមានមួយចំនួននៅតែនិយាយទិតៀនយើង តែយើងលើកតែប្រទេស១០ក្នុងអាស៊ាន តើប្រទេសណាខ្លះមានលទ្ធិប្រជាធិបតេយ្យដូចយើង? ប្រទេសវៀតណាមមានដែលបោះឆ្នោតពីអង្កាល់ ប្រទេសឡាវ ប្រទេសថៃ ប្រជាធិបតេយ្យក្រោមការធ្វើរដ្ឋប្រហារប៉ន្មានដងយើងដឹងហើយ មីយ៉ាន់ម៉ា ក្រោមអំណាចរបស់កងទ័ព ព្រុយណេ មិនដែលបោះឆ្នោត នៅសិង្ហបុរី តាំងពីដើមមកជាប់ឆ្នោត គឺគណបក្សរបស់លោក លី ក្វាន់យូ រហូតហ្នឹង... នៅឥណ្ឌូនេស៊ី ហ្វីលីពីន យើងគិតមើលបាញ់ស្លាប់ម្តងៗប៉ុន្មាននាក់? មិនធម្មតាទេ។ អ៊ីចឹងកម្ពុជា តួយ៉ាងដូចយើងបោះឆ្នោតពេលហ្នឹងរៀបរយរលូន តែប្រកបទៅដោយការវិវឌ្ឍន៍នៅក្នុងហ្នឹងមិនមែននៅស្ងៀមឈឹងទេ»។ លោក វណ្ណដា បញ្ជាក់។
ឆ្លើយតបសំណួរថា តើរំពឹងថា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌកើតចេញពីការបោះឆ្នោតអាចនឹងបញ្ចេញអនុភាពរបស់ខ្លួនដើម្បីជួយតម្រង់ទិសក្នុងអភិវឌ្ឍន៍នៅតាមមូលដ្ឋានឬយ៉ាងណានោះ? លោក ហេង វណ្ណដា មិនបានដឹងថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ មានតួនាទី ភារកិច្ច និងអនុភាពដល់កម្រិតណានោះទេ។ ប៉ុន្តែលោកបានបង្ហាញថា នៅតាមគ្រឹះស្ថានសិក្សា ក្រុមហ៊ុនឯកជន ក្រុមប្រឹក្សាភិបាលមានតួនាទី និងសិទ្ធិអំណាចធំណាស់ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ ផែនការ និងសេចក្តីសម្រេចចិត្តផ្សេងៗសម្រាប់អភិវឌ្ឍក្រុមហ៊ុន ជាពិសេសក្រុមប្រឹក្សាភិបាលអាចមានសិទ្ធិថ្នាក់គ្រប់គ្រងថែមទៀតផង។
ទោះជាយ៉ាងណាប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សារូបនេះ រំពឹងថា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាចបញ្ចេញអនុភាពរបស់ខ្លួនបំពេញតួនាទី ភារកិច្ច បានកាន់តែប្រសើរ ដើម្បីពិនិត្យ និងតម្រង់ទិសនៃការដឹកនាំរបស់ថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌឱ្យកាន់តែមានប្រសិទ្ធភាពជាប្រយោជន៍ក្នុងការអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សសញ្ជាតិកម្ពុជា។
សម្រាប់អាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសមានចំនួនសរុប ៤,១១៤អាសនៈ។ ក្នុងនោះអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត (២៥) មានចំនួន ៥៥៩អាសនៈ, ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន២០៣ មានអាសនៈចំនួន ៣,៥៥៥អាសនៈ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងផងដែរថា បេក្ខភាពឈរឈ្មោះបោះឆ្នោតមកពីគណបក្សនយោបាយទាំង៧ មានចំនួនសរុប ២១,៦៩២នាក់ នារី ៧,២៧៨នាក់។ ក្នុងនោះពេញសិទ្ធិមានចំនួន ១០,៦៩៨នាក់ នារី ៣,២២០នាក់ និងបម្រុង ១០,៩៩៤នាក់ នារី ៤,០៥៨នាក់។
ដោយឡែកអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ/សង្កាត់ (១,៦៤៦ឃុំ/សង្កាត់) មានចំនួនសរុប ១១,៥៧២នាក់ នារី ២,៣៨២។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ក៏មានការអញ្ជើញចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតពីអង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន១៩ មានសមាជិករហូតដល់ប្រមាណ ១,០១០នាក់។
បើតាម គ.ជ.ប ការបោះឆ្នោតឆ្នោតអត្រាអ្នកទៅចូលរួមបោះឆ្នោតមានរហូតទៅដល់ ៩៩.៩៤ភាគរយ។ មានអង្គបោះឆ្នោតតែ៧រូបប៉ុណ្ណោះមិនបានចូលរួមបោះឆ្នោត។ ក្នុងនោះអង្គបោះឆ្នោត១នាក់នៅខេត្តត្បូងឃ្មុំ ជួបគ្រោះថ្នាក់ចរាចររហូតស្លាប់បាត់បង់ជីវិត និង៦នាក់ផ្សេងទៀត មិនទៅបោះឆ្នោតដោយ។ អង្គបោះឆ្នោត ៦រូបមិនទៅបោះឆ្នោតមាននៅខេត្តបាត់ដំបង ១នាក់, ខេត្តកំពង់ធំ ២នាក់, កំពត ១នាក់, ព្រះវិហារ ១នាក់ និងរតនគិរី ១នាក់៕
លោក ហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា ថ្លែងបង្ហាញពីការសង្កេតលើដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី៣