(ព្រះសីហនុ)៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះថា នាពេលថ្មីៗនេះ ដោយទទួលបានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិនចំនួនពីរទីតាំង ដែលកន្លែងទី១ គឺជាហាងលក់សម្លៀកបំពាក់ ឈ្មោះថា «ក្មេងស្រីជនជាតិចិន» និងកន្លែងទី២ គឺជាហាងលក់ម្ហូបឈ្មោះថា «តូបលក់សាច់កម្ពុជា»។
ការចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើ បានធ្វើឡើងបន្ទាប់ពីសាធារណជនបានធ្វើការរិះគន់ ចំពោះការប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ទីតាំងអាជីវកម្មខាងលើ និងបានពិនិត្យឃើញថាហាងទាំងពីរនេះ ពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីមន្ទីរពាណិជ្ជកម្មខេត្ត និងច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតឡើយ។
នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ វ៉េង សុធី បានធ្វើការណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
«យើងបានប្រាប់គាត់ឱ្យបំពេញលក្ខខណ្ឌបីចំនុច ទី១ ត្រូវប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ ទី២ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និងទី៣ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយ របស់សាលារាជធានី ឬខេត្ត» លោករដ្ឋលេខាធិការ វ៉េង សុធី បានគូសបញ្ជាក់។
ទន្ទឹមគ្នានោះដែរ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់បញ្ញា និងច្បាប់ពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕