(ព្រះសីហនុ)៖ បវរកញ្ញាឯកខ្មែរពិភពលោក បានបង្ហាញវត្តមានជាថ្មីទៀត នៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមរើសសំរាម នៅតាមឆ្នេរអូរត្រេះ និងឆ្នេរមួយចំនួនទៀត។
វត្តមានបវរកញ្ញាឯកពិភពលោកមកកម្ពុជាជាថ្មីទៀតនេះ ដើម្បីជាសារបំផុសបណ្តុះគំនិតដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ឲ្យចេះស្រលាញ់ និងចូលរួមថែរក្សាសំអាតអនាម័យបរិស្ថានឲ្យបានទាំងអស់គ្នា។
បន្ថែមលើនេះ ការបង្ហាញខ្លួន របស់បវរកញ្ញាឯកពិភពលោក នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ ឃើញមានអមដំណើរដោយ ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ, មន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍, តំណាងក្រុមហ៊ុនប្រមូលសំរាម KSWM, សិស្សានុសិស្ស, មន្ត្រីសង្កាត់លេខ៤ និងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានចូលរួមរើសសំរាម នៅឆ្នេរអូរត្រេះ។
នាឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានចាត់ទុកវត្តមាន របស់បវរកញ្ញាឯកពិភពលោកដើមកំណើតខ្មែរថា បានផ្តល់សារៈសំខាន់ ដល់ការកែនគរកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនា ខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខៗទៀត។
លោកស្រី ហ៊ីមុល្លី ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា សកម្មភាពដើររើសសំរាម របស់បវរកញ្ញាឯកពិភពលោក នាឆ្នេរអូរត្រេះ ក៏ជាសារបំផុសដាស់ស្មារតីដល់កូនខ្មែរ ប្រជាពលរដ្ឋខ្មែរ ឲ្យចូលរួមលើការងារថែរក្សាសម្អាតអនាម័យ និងបរិស្ថាននៅតំបន់ឆ្នេរ ក៏ដូចជានៅតាមទីប្រជុំជននានា ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យមានអនាម័យល្អស្អាត៕