(ភ្នំពេញ)៖ លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ចិន គឺពិតជាមានសារសំខាន់ណាស់ ព្រោះវាជាឱកាសមួយដ៏ល្អប្រសើរ ដើម្បីឱ្យទីភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍ អាចចាប់ផ្ដើមចាប់ដៃគូរទំនាក់ទំនងគ្នា តាមរយៈការផ្លាស់ប្ដូររវាងប្រជាជននឹងប្រជាជននៃប្រទេសទាំងពីរ នឹងជួយពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសកម្ពុជា-ចិន ជាពិសេសជួយជំរុញកំណើនទេសចរណ៍ទៅវិញ ទៅមកឱ្យកាន់តែប្រសើរឡើង។
លោក សូ វិសុទ្ធី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសលោកតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយតំបន់ទេសចរណ៍ ចាំងជាជៀក នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពីលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក Jinting Qin អភិបាលរងខណ្ឌ ចាំងជាជៀក រួមទាំងមន្ត្រីពាក់ព័ន្ធទៅលើវិស័យទេសចរណ៍ កម្ពុជា- ចិន ជាច្រើនរូបទៀតផងដែរ។
លោក សូ វិសុទ្ធី បានបន្ថែមថា ចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំងពីរ ត្រូវបានបន្តពង្រឹង-ពង្រីកជាបន្តបន្ទាប់ ចាប់តាំងពីមានទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥៨ មកទល់បច្ចុប្បន្ន និងទៅអនាគតប្រកបដោយការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដោយឈរលើមូលដ្ឋាន ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានទំនាក់ទំនងអាចឈានដល់ការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជា និងចិន។
លោកបានថ្លែងបន្តថា កម្ពុជាក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាមាសពណ៌បៃតង មានការរីកចំរើនគួរឲ្យកត់សម្គាល់នា២ទសវត្សរ៍ចុងក្រោយនេះ ដោយក្នុងឆ្នាំ២០១៨ វិស័យទេសចរណ៍បាននាំមកនូវចំណូល ៤,៣៧៥លានដុល្លាអាមេរិក និងរួមចំណែក ១២.៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។
លោកបានបន្ថែមទៀតថា យោងតាមស្ថិតិទេសចរណ៍កម្ពុជាបានបង្ហាញថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ សរុបជាង ៦.២លាននាក់ កើនឡើង ១១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ក្នុងនោះទេសចរចិនមានចំនួនជាង ២លាននាក់ កើនឡើង ៦៧.២ភាគរយ ឈរក្នុងលំដាប់ទី១ ក្នុងចំណោមទីផ្សារអាទិភាពទាំង១០របស់កម្ពុជា។ នៅឆ្នាំ២០៣០ កម្ពុជាគ្រោងទទួលបានទេសចរអន្តរជាតិចំនួនជាង ៧លាននាក់ ក្នុងនោះទេសចរចិនប្រមាណ ៣លាននាក់ នឹងនាំមកនូវចំណូលប្រមាណ ៥ប៊ីលានដុល្លាអាមេរិក បង្កើតការងារដោយផ្ទាល់ និងប្រយោលរាប់លានកន្លែង។
លោក សូ វិសុទ្ធី បានបញ្ជាក់ទៀតថា ក្រៅពីទទួលបានកំណើនទេសចរអន្តរជាតិជារៀងរាល់ឆ្នាំ កម្ពុជាក៏មានទេសចរជាតិប្រមាណ ១១លាននាក់ ដែលក្នុងនោះប្រមាណ ២លាន បានចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០១៨។ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងទៅនេះ ទេសចរជាតិធ្វើដំណើរកម្សាន្តក្នុងស្រុកចំនួន ៥,៦៨១,៣៥៥នាក់ ដែលបានចាត់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការចំណាយរបស់ប្រជាជនប្រមាណជាង ៥០០លានដុល្លាអាមេរិក ដែលនេះនៅមិនទាន់រាប់បញ្ចូលទេសចរកម្ពុជាជាច្រើននាក់ ដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសនៅឡើយទេ។
គួរកត់សំគាល់ផងដែរថា តំបន់ទេសចរណ៍ចាំងជាជៀក Wulingyuan នៅឆ្នាំ១៩៩២ បានជាប់ជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោក ឧទ្យាន ភូគព្ភសាស្ត្រ ដែរមានសម្រស់ធម្មជាតិ និងជួរភ្នំដ៏ស្រស់ស្អាត និងជាកន្លែងថតខ្សែភាពយន្តដ៏ល្បីរបស់ ហូលីវ៉ូត រឿង «Avatar » ហើយតាមរយៈកម្មវិធីខាងលើនេះ អាចផ្លាស់ប្ដូរបទពិសោធន៍រវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងដៃគូសហប្រតិបត្តិការធុរៈកិច្ចរវាងប្រទេសទាំងពីរ និងជួយពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងកម្ពុជា -ចិន ពិសេសជួយជំរុញកំណើនទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងផងដែរ៕