(ភ្នំពេញ)៖ ដូចការគ្រោងទុក កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ក្បួនរថយន្តដឹកគោទឹកដោះរបស់រាជបណ្ឌិត្យសភាកម្ពុជា បាននាំចូលទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារហើយ។ នេះបើតាមការឱ្យដឹងពី មន្ត្រី រាជ បណ្ឌិត្យ សភាកម្ពុជា ។

ក្រោយពីបានរាជបណ្ឌិត្យសភាសិក្សាចប់សព្វគ្រប់ រាល់លទ្ធផលទាំងនេះ នឹងផ្តល់ជូនទៅរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងប្រជាកសិករ ដែលមានបំណងក្នុងការចិញ្ចឹមគោទឹកដោះ ដោយប្រែក្លាយការចិញ្ចឹមសត្វពីតាមបែបយថាហេតុ មកចិញ្ចឹមសត្វបែបឧស្សាហកម្មវិញម្តង។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា នេះជាលើកទីមួយហើយ សម្រាប់រាជ បណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលឧទ្យានតេជោសែនឫស្សីត្រឹប។

លោកបណ្ឌិតបន្ថែមថា៖ «យើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែកដល់កសិករនៅពេលខាងមុខ»

សូមជាម្រាថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គ្របដណ្តប់ដោយព្រៃឈើ ក្នុងទំហំ ១១,៤៣៥ គីឡូម៉ែត្រក្រឡា។ ស្ថិតក្រោមព្រៃឈើដ៏ច្រើននេះ អ្នកចូលរួមទស្សនាទាំងជាតិ និងអន្តរជាតិ អាចស្វែងយល់ពីធម្មជាតិដ៏សំបូរបែប និងទទួលបានអារម្មណ៍ស្រស់ស្រាយ។ លើសពីនេះ ភ្ញៀវទេសចរ អាចទទួលបទពិសោធន៍នៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលរស់អាស្រ័យធម្មជាតិ ដូចជា កសិកម្ម សត្វព្រៃ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានសក្តានុពលទៅលើ បេតិភណ្ឌប្រវត្តិសាស្ត្រ បុរាណវិទ្យា បរិស្ថាន ធម្មជាតិ ទេសចរណ៍ និងជាតិពិន្ធុវិទ្យា៕