(កំពង់ធំ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះមកពិនិត្យស្ថានីយដាំឈើក្រញូង ដែលជាអតីតកន្លែងព្រះរាជពិធីរុក្ខទិវា ឆ្នាំ២០១៥ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានផ្ទៃដី២០៧ហិកតា គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ក្នុងនោះដាំឈើក្រញូង បាន១០ហិកតា។

មានមតិសំណេះសំណាល ជាមួយមន្រ្តីជំនាញប្រចាំការ ក្នុងស្ថានីយអំពីសុខទុក្ខ បញ្ហាជីវភាព និងសកម្មភាពប្រចាំថ្ងៃ ទាក់ទងការមើលថែរក្សា លោករដ្ឋមន្ដ្រីថា ត្រូវការពារឈើដែលបានដាំប្រយោជន៍ ដើម្បីទាញយកផលជាគ្រាប់ពូជ ជាស្ថានីយពិសោធន៍ស្រាវជ្រាវ។ ត្រូវយកចិត្តទុកដាក់មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្ស ជាពិសេសដីចៀសវាងការទន្ទ្រានកាន់កាប់ខុសច្បាប់។

នៅថ្ងៃដដែរនេះ លោករដ្ឋមន្ដ្រី វេង សាខុន រួមដំណើរដោយអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោក សុខ លូ និងសហការី ក៏បានចុះពិនិត្យទីកន្លែងដាំដុះដោយផ្ទាល់ និងបានធ្វើការសំណេះសំណាល ជាមួយប្រជាសហគមន៍ ដែលកំពុងអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd ដែលកំពុងដាំដុះពូជស្រូវកណ្តុល Japonica នៅក្នុងទឹកដីខេត្តកំពង់ធំ។

បើតាមតំណាងប្រជាសហគមន៍កំពង់គរ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន បានចុះកិច្ចសន្យាផលិតកម្ម ជាមួយសហគមន៍របស់ពួកគាត់ និងសមាគមស្រូវប្រាំងកម្ពុជា ក្នុងការសាកល្បងផលិតពូជស្រូវប្រភេទនេះ លើផ្ទៃដីចំនួន៨ហិកតា ដោយក្នុង១ហិកតា ទទួលបានផល៦,៥តោន ហើយចំពោះតម្លៃវិញ គឺទទួលបាន១,០០០រៀល ក្នុង១គីឡូផងដែរ។

លោកក៏បានបញ្ជាក់ផងដែរថា ពូជស្រូវដែលក្រុមហ៊ុនប្រគល់ជូន គឺមានភាពលូតលាស់ល្អប្រសើរ ទិន្នផលខ្ពស់ ធននឹងអាកាសធាតុ និងជំងឺ។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានសារទរចំពោះក្តីសប្បាយរីករាយ កិច្ចសហការ និងវឌ្ឍនភាពដែលក្រុមហ៊ុន សហគមន៍ និងសមាគមសម្រេចបាន ហើយលោកក៏បានណែនាំ ដល់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត បន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ដ្រីបន្ដថា ជាពិសេសលើការងារស្រាវជ្រាវ ផលិត និងផ្សព្វផ្សាយពូជសុទ្ធប្រភេទនេះ ជូនប្រជាកសិករ ដើម្បីធានាដល់គុណភាព ផលិតភាព និងទីផ្សារ និងធ្វើយ៉ាងណាជួយក្រុមហ៊ុន សហគមន៍ និងសមាគមសម្រេចឲ្យបាន នូវផែនការពង្រីកការដាំដុះ រហូតដល់ ៣០០ហិកតា៕