(កំពត)៖ លោក កែម ឬទ្ធិសិទ្ធិ ប្រធានគណបក្សខ្មែរតែមួយដែលជាប្អូនប្រុសលោក កែម ឡី នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែ ឧសភា ឆ្នាំ២០១៩នេះ បានចុះទៅសួរសុខទុក្ខ និងឧត្ថម្ភសម្ភារៈ ថវិកាដល់កុមារីពិការជើង សារ ស្រីតុ ដល់លំនៅដ្ឋានក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
កុមារី សារ ស្រីតុ វ័យ៨ឆ្នាំ កំពុងតែសិក្សាថ្នាក់ទី២នៅសាលាបឋមសិក្សាត្រពាំងរមាស ក្នុងឃុំដំណាក់សុក្រំ ស្រុកដងទង់ មានឪពុកឈ្មោះ វន់ សុទ្ធ និងម្ដាយឈ្មោះ អៀន ទី មានបងប្អូន២នាក់។
ស្រីតុរ ជាកូនស្រីច្បង បានពិការជើងតាំងពីកំណើត។ បើទោះបីជាឪពុកម្ដាយបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យមួយចំនួនរួមទាំងមន្ទីរពេទ្យគន្ធបុប្ឆានៅរាជធានីភ្នំពេញយ៉ាងណាក៏ដោយ ក៏ជើងរបស់នាងនៅតែមិនអាចព្យាបាលបានដែរ។
នាងអាចដើរបានដោយពឹងទៅលើឈើច្រត។ ថ្មីៗនេះមានការចុះផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយអំពាវនាវឲ្យមានការផ្ដល់ជំនួយដល់រូបនាងដែលត្រូវការសម្ភារៈសម្រាប់ការសិក្សារបស់នាង។
នៅក្នុងឱកាសចុះសួរសុខទុក្ខកុមារីពិការជើង សារ ស្រីតុ លោក កែម ឬទ្ធិសិទ្ធិ ប្រធានគណបក្សខ្មែរតែមួយបាននាំយកសម្ភារៈមួយចំនួនរួមមាន មី សៀវភៅ ប៊ិច និងថវិកាមួយចំនួនផ្ដល់ជូនកុមារីពិការជើង ដើម្បីជាការលើកទឹកចិត្តដល់កុមារីរូបនេះឲ្យខិតខំប្រឹងប្រែងរៀនសូត្របន្តទៅមុខទៀត។
លោក កែម ឬទ្ធិសិទ្ធិ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យកុមារីពិការជើងរូបនេះ កុំអស់សង្ឃឹមក្នុងជីវិត។ លោក ឬទ្ធិសិទ្ធិ ពន្យល់កុមារីនោះថា ទោះបីជាយើងពិការជើងក៏ពិតមែន តែចិត្តនិងខួក្បាលរបស់យើងមិនពិការនោះទេ ដូច្នោះយើងត្រូវតែខឹតខំសិក្សារៀនសូត្រឲ្យពូកែ ដើម្បីមានអនាគតភ្លឺស្វាងនៅថ្ងៃខាងមុខ។
ប្រធានគណបក្សខ្មែរតែមួយ ក៏បានសន្យាជួយអំពាវនាវរកសម្បុរសជននានាមកជួយដល់ក្មួយស្រីឲ្យរៀនសូត្របន្តទៅមុខទៀត៕