(បាត់ដំបង)៖ សិស្សសាលា CCMA ៧០០នាក់ មកពី១៥សាខា នៅតាមស្រុកនៃខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បានចូលប្រកួតគិត លេខរហ័សថ្នាក់ជាតិលើកទី២ នៅខេត្តបាត់ដំបង ដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសណ្ឋាគារខេមរាបាត់ដំបង១ ក្រោមអធិបតីភាពលោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង, លោក លឹម សុភា នាយកប្រតិបត្តិ អង្គការពុទ្ធកុមារ និងជានាយកប្រតិបត្តិសាលា CCMA កម្ពុជា និងមានការចូលរួមពីអស់លោក លោកស្រីប្រធានសាខា CCMA ទាំង១៥ មកពីបណ្តាស្រុក និងខេត្តនានា មាតាបិតា សិស្សចូលរួមប្រឡង៧០០នាក់ផងដែរ។
លោក លឹម សុភា បានឲ្យដឹងថា ដោយបានឃើញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្តល់អាទិភាពចម្បងលើវិស័យអប់រំ លោកបានបង្កើតគម្រោង CCMA នេះឡើងដើម្បីលើកកម្ពស់វិស័យអប់រំ តាមរយៈការបណ្តុះបណ្តាល ដល់សិស្សដែលមានអាយុពី៨ទៅ១១ឆ្នាំ ដើម្បីអភិវឌ្ឍន៍ខួក្បាលកុមារ ក្នុងការគិតលេខរហ័ស ធ្វើឲ្យកុមារកម្ពុជា មានភាពវៃឆ្លាតកាន់តែរីកចម្រើនឡើង រាល់ថ្ងៃមិនចាញ់កុមារបរទេសឡើយ។
លោក លឹម សុភា បានបញ្ជាក់ថា បន្ទាប់ពីមានការរីកចម្រើនកាន់តែខ្លាំងនេះហើយ បានធ្វើឲ្យពង្រីកសាខាបាន១៥ នៅតាមស្រុកនិងខេត្តមួយចំនួន យើងបានធ្វើការបណ្តុះបណ្តាលសិស្ស បានជាបន្តបន្ទាប់មក និងដើម្បីពង្រឹងគុណភាព សមត្ថភាពសិស្ស យើងមានកម្មវិធីប្រលងជ្រើសរើស រកអ្នកសិស្សពូកែប្រកបដោយគុណភាព និងសមត្ថភាព សម្រាប់យកចំណេះដឹងទាំងនេះ ទៅប្រកួតនៅថ្នាក់ជាតិ បានចំនួន២លើកមកហើយ និងប្រឡងថ្នាក់តំបន់ ជាលក្ខណៈអន្តរជាតិបានចំនួន២លើក នៅប្រទេសថៃ មាឡេស៊ី សិស្សខ្មែរយើង បានទទួលជ័យលាភីលេខ១ ទទួលបានមេដាយមាសជាច្រើនកន្លងមកផងដែរ។
លោកបានបន្តថា នៅពេលខាងមុខនេះ គឺថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០១៩ យើងមានការប្រកួតជាលក្ខណៈអន្តរជាតិ ដែលកម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ គឺនៅខេត្តសៀមរាប និងមានសិស្សបរទេសចូលប្រកួត មកពី១៤ប្រទេសទៀតផង ដូច្នេះយើងត្រូវត្រៀមពង្រឹងសមត្ថភាព គុណភាព សិស្ស តាមរយៈការប្រកួតសមត្ថភាពសិស្សទាំងអស់ដណ្តើមជ័យលាភីនាថ្ងៃនេះ ដែលមានសិស្ស៧០០នាក់ជំរុះយកតែ២១០នាក់ប៉ុណ្ណោះ ក្នុងនោះចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស១ ពាន១ ថវិកា២០ដុល្លារ, លេខ២ មេដាយប្រាក់១ ថវិកា១៥ដុល្លា, លេខ៣មេដាយសំរឹទ្ធ១០ ថវិកា១០ដុល្លារ។
លោក យី សុងគី សូមថ្លែងអំណរគុណ និងអបអរសាទរដល់ថ្នាក់ដឹកនាំសាលាទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការរបស់ខ្លួន ក៏ដូចបានចូលរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យអប់រំ និងបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកភាពរីកចំរើនសប្បូរសប្បាយតទៅ៕