(ត្បូងឃ្មុំ)៖ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានដឹកនាំក្រុមការងារ ចុះចែកសម្ភារសិក្សា និងដាំកូនឈើ នៅសាលាបឋមសិក្សា «ប្រផាត់» ស្ថិតនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ ៧ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៩។

លោក មែ ស៊ីថុន បានឲ្យដឹងថា កម្មវិធីនេះ ក្នុងគោលបំណងចង់ឲ្យប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ស្រលាញ់ការរៀនសូត្រ យកចិត្តទុកដាក់ការសិក្សា និងលើកទឹកចិត្តក្មួយៗ ឲ្យចេះចែករំលែកក្តីស្រលាញ់ ដល់សង្គម ដែលសង្គមកម្ពុជាមានចំពោះក្មួយៗ ជាងនេះទៅទៀត ក៏ចង់ឲ្យក្មួយៗ ទាំងអស់ស្រលាញ់ធម្មជាតិ ថែរក្សាព្រៃឈើ និងបំផុសឲ្យប្រជាជនចូលរួមដាំដើមឈើ ដើម្បីបរិស្ថានយើងទាំងអស់គ្នា។

លោកថា នេះជាលើកទីមួយ ដែលសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានមកដល់ខេត្តត្បូងឃ្មុំ ដើម្បីចែកសម្ភារសិក្សា ដល់ក្មួយៗសិស្សានុសិស្សចំនួន៤១៧នាក់ និងជូនកាដូដល់លោកគ្រូ-អ្នកគ្រូ និងលោកពូអ្នកមីង ដែលជាអាជ្ញាធរមូលដ្ឋានផងដែរ។

សម្រាប់កម្មវិធីថ្ងៃនេះ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវកូនឈើចំនួន២០០ដើម សម្រាប់ដាំក្នុងទីធ្លាសាលាបឋមសិក្សា «ប្រផាត់» ដែលមានកូនឈើនាងនួនចំនួន៥០ដើម កូនឈើបេងចំនួន៥០ដើម កូនឈើធ្នង់ចំនួន៥០ដើម និងកូនឈើក្រញូងចំនួន៥០ដើម ក្រោមប្រធានបទ «ដើមឈើមួយ ជីវិតមួយ» រួមគ្នាថែរក្សា និងដាំដើមឈើ ដើម្បីបរិស្ថានយើង។

តាមរបាយការណ៍ និងការស្នើសុំផ្ទាល់ពីលោកស្រី នាយិកាសាលា នូវសាលារៀនចំនួន១ខ្នង មាន៤បន្ទប់ ដែលបច្ចុប្បន្នសាលាជួបការខ្វះខាត នូវបន្ទប់សិក្សាសម្រាប់ក្មួយៗសិស្សានុសិស្សរៀនសូត្រ លោក មែ ស៊ីថុន តាងនាមឲ្យសមាគម នឹងព្យាយាមស្វែករកជំនួយឧបត្ថម្ភគាំទ្រទាំងក្នុងស្រុក និងក្រៅប្រទេស សម្រាប់អគារសិក្សាមួយនេះ តាមលទ្ធភាពដែលអាចធ្វើទៅបាន មិនមែនជាការសន្យា តែជាការខិតខំប្រឹងប្រែង។

គួសបញ្ជាក់ថា សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩នេះ និងមានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្វីត្បិតតែសមាគមនេះ ទើបតែបង្កើតក៏ពិតម៉ែន ប៉ុន្តែក្រុមអតីតសិស្សនិស្សិត ដែលជាសមាជិកស្នូលក្នុងសមាគមនេះ បានចូលរួមកម្មវិធីមនុស្សធម៌ផ្សេងៗ ប្រមូលផ្តុំយុវជនគំរូ ផ្តួចផ្តើមគំនិត និងគៀងគរធនធាន សម្រាប់ចូលរួមសកម្មភាពសង្គម ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន តាំងពីឆ្នាំ២០១៣ មកម្ល៉េះ៕