(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភានេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អាណ្តត្តិទី៣នៅទូទាំងប្រទេស សម្រេចបានជាង៩៩ភាគរយហើយ។
អ្នកនាំពាក្យរូបនេះបន្តថា ការបោះឆ្នោតនឹងត្រូវបញ្ចប់ពេលឆាប់ខាងមុខនេះ ហើយចំពោះការរាប់សន្លឹកឆ្នោត ក្នុងក្របខណ្ឌទូទាំងប្រទេស បានដំណើរការជាង៥០ភាគរយ។
លោក ឌឹម សុវណ្ណរុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតក្នុងក្របខណ្ឌទូទាំងប្រទេសសម្រេចបានជាង៩៩ភាគរយហើយ នៅសល់តែ១៤នាក់ទៀតប៉ុណ្ណោះមិនទាន់បានបោះឆ្នោត ហើយការបោះឆ្នោតនឹង បិទបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ។ ក្រៅពីនេះ ក្នុងក្របខណ្ឌទូទាំងប្រទេសការរាប់សន្លឹកឆ្នោត បានដំណើរការជាង៥០ភាគរយហើយ។ ការិយាល័យរាប់សន្លឹកឆ្នោតមានពីរ ទី១៖ ការរាប់សន្លឹកឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ នូវសន្លឹកឆ្នោតពណ៌ពងមាន់ និងទី២៖ សន្លឹកឆ្នោតពណ៌ស គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត»។
សូមជម្រាបថា ការិយាល័យបោះឆ្នោត ២០៣ការិយាល័យនៅទូទាំងប្រទេស បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩។ ដំណើរការបោះឆ្នោតនេះចាប់ផ្តើមពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣រសៀលថ្ងៃដដែលនេះ៕