(ភ្នំពេញ)៖ ព្រហ្មទណ្ឌ គឺគោលការណ៍មួយប្រភេទ ដែលចែងមកសម្រាប់ដាក់ទោសដល់រាល់បុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តផ្ទុយពីបទបញ្ញត្តិច្បាប់ ជាពិសេសនោះគឺក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ដូច្នេះហើយ នៅពេលមានបទល្មើសមួយកើតឡើង គឺត្រូវតែមានអ្នកទទួលខុសត្រូវព្រហ្មទណ្ឌ។
ជាគោលការណ៍ គេមិនអាចឲ្យជនដែលមិនដឹងខុសត្រូវពី ភាពធ្ងន់ធ្ងរនៃអំពើរបស់ខ្លួន ឲ្យទទួលខុសត្រូវព្រហ្មទណ្ឌទេ ព្រោះថា ការយល់ដឹងខុសត្រូវពីអំពើរបស់ខ្លួន គឺជាកត្តាមួយដែលនាំឲ្យបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ។
ហេតុនេះបានជាក្រមព្រហ្មទណ្ឌកម្ពុជាកំរិតអំពីការទទួលខុសត្រូវព្រហ្មទណ្ឌយ៉ាងច្បាស់លាស់ ដែលក្នុងនោះ មាត្រា៣៨ បានចែងថា នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ ។ ចុះប្រសិនបើអនីតិជនអាយុក្រោម ១៨ ឆ្នាំ ប្រព្រឹត្តបទល្មើស តើត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដែររឺទេ? តើមានវិធានការបែបណាខ្លះ ចំពោះអនីតិជនដែលបាន ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ?
ដូចនេះដើម្បីសិក្សាពី សញ្ញាណនៃការទទួលខុសត្រូវ ព្រហ្មទណ្ឌរបស់អនីតិជនឲ្យបានច្បាស់លាស់ កម្មវិធី យល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន» មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចតទៅ៖
យើងបានដឹងហើយច្បាប់បាន កំណត់ពីការទទួលខុសត្រូវព្រហ្មទណ្ឌថា ទាល់តែអាយុចាប់ពី ១៨ ឆ្នាំឡើងទៅទើបទទួលខុសត្រូវ ដោយហេតុថាអាយុក្រោម ១៨ ឆ្នាំ គឺជាអនីតិជន ដែលការយល់ដឹងរបស់ពួកគាត់នៅខ្វះខាតនៅឡើយ ។ ប៉ុន្តែចំណុចនេះអាចមានភាពពិបាក ដោយហេតុថា ក្នុងករណីដែលមានអនីតិជនអាយុក្រោម១៨ឆ្នាំ ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរណាមួយ ។
ហេតុនេះហើយទើបក្នុងមាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិបន្ថែមទៀតថា តុលាការអាចប្រកាសទណ្ឌកម្ម ព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើងទៅបាន ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ ។
មានន័យថា អនីតិជនអាយុ ១៤ ឆ្នាំដល់ ១៨ ឆ្នាំអាចនឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះ អំពើរបស់ខ្លួនប្រសិន កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជន តម្រូវ ។
នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មិនបានកំណត់ឲ្យបានច្បាស់លាស់ឡើយអំពីពាក្យថា កាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនឡើយ ហេតុដូចនេះនៅពេលជួបប្រទះនូវករណីណាមួយ ច្បាប់បានផ្ដល់សិទ្ធិពិសេសដល់តុលាការ (ឆន្ទានុសិទ្ធិ) ក្នុងការពិចារណាថា តើអនីតិជននោះត្រូវទទួលខុសត្រូវ ឬក៏អត់ចំពោះទង្វើល្មើសច្បាប់ព្រហ្មទណ្ឌរបស់ខ្លួន ។
ប៉ុន្តែ តាមខ្លឹមសារនៃមាត្រា ៣៩ ដដែលមានន័យថា សម្រាប់អនីតិជនដែលមានអាយុក្រោម ១៤ ឆ្នាំ មិនអាចត្រូវបាន តុលាការព្រហ្មទណ្ឌប្រកាសឲ្យទទួលទោសបានឡើយ ។
ជាទូទៅរាល់អនីតិជនអាយុពី១៤ ដល់ក្រោម ១៨ឆ្នាំ ដែលប្រព្រឹត្តបទល្មើសទាំងអស់ តុលាការអាចសម្រេចដាក់គាត់ក្នុងវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ ដែលមានដូចជា៖
១៖ ការប្រគល់អនីតិជនទៅឪពុកម្ដាយ អាណាព្យាបាល បុគ្គលិកដែលថែរក្សា អនីតិជននោះ ឬ បុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសក្កិសមនឹងទំនុកចិត្ត ។
២៖ ការប្រគល់អនីតិជនឲ្យទៅសេវាសាធារណៈ ដែលសម្រាប់ទទួលបន្ទុកអនីតិជន ។
៣៖ ការប្រគល់អនីតិជនឲ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការទទួលអនីតិជន ។
៤៖ ការប្រគល់អនីតិជនឲ្យទៅមន្ទីរពេទ្យ ឬស្ថាប័នឯកទេស ។
៥៖ ការដាក់អនីតិជនឲ្យនៅក្រោមការការពាររបស់តុលាការ ដែលនៅក្នុងករណីនេះ តុលាការនឹងចាត់តាំងបុគ្គល មួយរូបដែលត្រូវទទួលភារៈធ្វើការតាមដានអនីតិជន ។
បុគ្គលនេះផ្ញើររបាយការណ៍ស្ដីពី កិរិយាមារយាទរបស់ អនីតិជនឲ្យ បានទៀងទាត់ដល់ព្រះរាជអាជ្ញា។ បុគ្គលនេះផ្ដល់ព័ត៌មានដល់ព្រះរាជាអាជ្ញា អំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឲ្យ មានការកែប្រែនូវវិធាននេះ ។
ផ្ទុយទៅវិញប្រសិនបើតុលាការយល់ឃើញថា កាលៈទេសៈរបស់បទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ នោះមានន័យថា អនីតិជនត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ដែលតុលាការត្រូវប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើ អនីតិជននោះ ។
ក្នុងករណីនេះ ក្រមព្រហ្មទណ្ឌបាន កំណត់យ៉ាងជាក់លាក់ នូវទោសដែលអាចអនុវត្តចំពោះអនីតិជនបាន កាលណាតុលាការសម្រេចផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើអនីតិជន ដែលមានបញ្ញត្តិនៅក្នុងមាត្រា ១៦០ ថា: កាលណាតុលាការសម្រេចផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំឡើងទៅ មូលទោសលើបទល្មើសដែលចោទប្រកាន់ ត្រូវបានបន្ថយក្នុងលក្ខខណ្ឌដូចខាងក្រោម៖
១៖ អតិបរមានៃទោសដាក់ពន្ធនាគារត្រូវបន្ថយពាក់កណ្ដាល ។
២៖ ប្រសិនបើអតិបរមានៃទោសនោះ គឺជាទោសដាក់ពន្ធនាគារអស់មួយជីវិត អតិបរមាត្រូវបន្ថយមកដាក់ពន្ធនាគារ ២០ (ម្ភៃ) ឆ្នាំ ។
៣៖ អប្បបរមានៃទោសដាក់ពន្ធនាគារ ត្រូវបន្ថយពាក់កណ្ដាល ប្រសិនបើអប្បបរមានេះលើសពី ១ (មួយ) ថ្ងៃ ។
៤៖ អប្បបរមា និងអតិបរមា នៃទោសពិន័យជាប្រាក់ ត្រូវបន្ថយពាក់កណ្ដាល ។
ក្នុងករណីការចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រសិនបើបទបញ្ញត្តិនៃមាត្រានេះមាន អានុភាពបន្ថយ អតិបរមានៃ ទោសដាក់ពន្ធនាគារ មកត្រឹមថិរវេលាមួយស្មើ ឬតិចជាង ៥ (ប្រាំ) ឆ្នាំនោះបទល្មើសដែលចោទប្រកាន់នៅតែជាបទឧក្រិដ្ឋដដែល ។ ក្រៅពីមូលទោស តុលាការក៏អាចប្រកាសទោសបន្ថែម និងទោសការងារសហគមន៍បានផងដែរ ដែលចំណុចនេះមានបញ្ញត្តិក្នុងមាត្រា ១៦១ និង១៦២ នៃក្រមព្រហ្មទណ្ឌ។
សរុបមកឲ្យតែមានការប្រព្រឹត្តបទល្មើសមួយឡើង ពិតណាស់វាតែងតែបង្កឲ្យមានព្យសនកម្ម ឬការខូចខាត ផ្សេងៗ ដែលជាមូលហេតុមួយតម្រូវឲ្យមាន ការទទួលខុសត្រូវពីអ្នកដែលបានប្រព្រឹត្តឡើងនោះ ចំពោះអំពើរបស់ខ្លួន។
ប៉ុន្តែជាបទបញ្ញត្តិដោយឡែក ច្បាប់ក៏បានកំណត់នូវគោលការណ៍នៃការ ទទួលខុសត្រូវព្រហ្មទណ្ឌមួយដាច់ដោយឡែក សម្រាប់អនីតិជនដែលប្រព្រឹត្តបទល្មើស ចៀសវាងប៉ះពាល់ដល់សិទ្ធិ ក៏ដូចជាបង្កនូវការលំបាកដល់អនីតិជនដែលជាគោលការណ៍អនីតិជនត្រូវបានគាំពារយ៉ាងខ្លាំងដោយច្បាប់ ជាពិសេសនោះគឺច្បាប់ស្ដីពីយុត្តិធម៌អនីតិជន។
រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ
អត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥
អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕