(កំពង់ធំ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យ សកម្មភាពបណ្តុះកូនឈើ តាមរយៈជាលិកា (tissuss culture) របស់ក្រុមហ៊ុនអង្គរប្រាយវូត លើផ្ទៃដី២៥ហិកតា ស្ថិតនៅឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជំហានដំបូង ជាមធ្យមក្រុមហ៊ុនអាចផលិតកូនឈើប្រេងខ្សល់ បានចំនួន០៦លានដើម ក្នុង១ឆ្នាំ អាចយកទៅលើផ្ទៃដី១ម៉ឺនហិកតា។ នាឱកាសនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បង្កើតស្ថានីយបណ្តុះ កូនប្រេងខ្សល់ពូជថ្មីនេះ។

លោកបានស្នើឲ្យក្រុមហ៊ុនខិតខំផលិតកូនបន្ថែមទៀត ដើម្បីឆ្លើយតម តាមសេចក្តីត្រូវការទីផ្សារ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ ទាក់ទងនឹងបច្ចេកទេសបណ្តុះកូន តាមបែបជាលិកានេះ កាន់តែត្រូវបានយកចិត្តទុកដាក់ និងពេញនិយម សម្រាប់ការដាំដុះជាលក្ខណឧស្សាហកម្ម ព្រោះកូនដំណាំ ឬកូនឈើ ដែលបានមកគឺមានបរិមាណគ្រប់គ្រាន់តាមការបញ្ជាទិញ ការលូតលាស់ និងអាយុផលិតកម្មតំណាលគ្នា និងជាពិសេសគ្មានជំងឺឆ្លង។

លោករដ្ឋមន្ដ្រី បន្ដថា ក្រុមហ៊ុនគួរសហការជាមួយ រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយពូជ រៀនសូត្រ ដកស្រង់បទពិសោធន៍ បច្ចេកទេសបន្ថែមទៀត និងជាពិសេសត្រូវសហការ ដាំឲ្យបានទូលំទូលាយប្រយោជន៍ ដើម្បីបង្កើតគម្របព្រៃឈើឡើងវិញ៕