(កំពង់ឆ្នាំង)៖ កុំព្យូទ័យួដៃ៤គ្រឿង កុំព្យូទ័រលើតុ៤គ្រឿង ម៉ាស៊ីនព្រីនធី២គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង ត្រូវបានដឹកយកមកប្រគល់ជូន អង្គភាពកងពលតូចអន្តរាគមន៍លេខ១ ដែលជាអំណោយ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ត្រូវបានក្រុមការងារប្រគល់ជូនកងពលលេខ១ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចទាំងពីរ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលលោកតែងតែគិតគូពីសុខទុក្ខកងទ័ព និងគ្រួសារទ័ព ដែលកន្លងទៅអង្គភាពតែងតែទទួលបាននូវការឧបត្ថមផ្សេងៗ ដូចជាការកសាងជំរុំជម្រក ហេដ្ឋារចនាសម្ព័ន ជាពិសេសកងទ័ព ដែលមានការឧបត្ថម្ភ បន្ថែមពីលើគោលរបបដែលមានស្រាប់ ការគិតគូរជួយដល់គ្រួសារទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតីតយុទ្ធជនជាដើមទាំងនេះ បានធ្វើឲ្យកងទ័ពទាំងអស់មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈរជើងការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការពារដាច់ខាតមិនឲ្យមានបដិវត្តព័ណ៌ ដែលក្រុមប្រឆាំងក្រៅច្បាប់ប៉ុនប៉ងបំផ្លាញសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំរកមកយ៉ាងលំបាកនេះបានឡើយ។

លោក ក៏បានបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ១ គោរព និងអនុវត្តឲ្យបាននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ ដែលបានថ្លែងក្នុងខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ៕