(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល២ និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៧គ្រឿង, រថយន្តតូច៤គ្រឿង, រថយន្ដធុងធំ៤គ្រឿង និងយានផ្សេង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៨១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២៦នាក់ របួសធ្ងន់២៧៣នាក់ និងរបួសស្រាល១៣៣នាក់៕