(ភ្នំពេញ)៖ ពិតជាគួរឱ្យអស់សំណើចចំពោះសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកមួយក្រុមមានគ្នា៣នាក់ដែល តាំងខ្លួនជាអ្នកស្រឡាញ់កម្ពុជាខ្លាំងជាងជនជាតិខ្មែរខ្លួនឯង រហូតធ្វើសេចក្តីស្នើច្បាប់ក្រោមរបៀបវារៈមួយ ដែលពោរពេញដោយនិន្នាការនយោបាយទុច្ចរិតនៅពីក្រោយខ្នងដើម្បីឱ្យកម្ពុជាគោរពតាម បន្ទរដោយក្រុមបក្សប្រឆាំងរត់ចោលស្រុក និងបណ្តាញព័ត៌មានបរទេសញុះញុងមួយចំនួន ប៉ុន្តែពួកគេភ្លេចគិតថា ព្រឹទ្ធសមាជិក និងតំណាងរាស្ត្រអាមេរិកមិនមែនជាតំណាងរាស្រ្តរបស់កម្ពុជាឡើយ និងគ្មានតម្លៃដើម្បី ឱ្យកម្ពុជាជារដ្ឋអធិបតេយ្យ និងឯករាជ្យគោរពតាមទេ! ពួកគេគួរប្រើប្រាស់ពេលវេលា ដើម្បីឆ្លើយតបនឹងការទន្ទឹងរង់ចាំរាស្ត្រម្ចាស់ឆ្នោតរបស់ខ្លួនដែលចម្អកឱ្យខ្លួនថា «គិតពីផលប្រយោជន៍ពលរដ្ឋអាមេរិក និងស្តារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកជាប្រទេសខ្លួនឯងមុន» ជាជាងការប្រើប្រាស់មធ្យោបាយនយោបាយទុច្ចរិត ជ្រៀតជ្រែកកិច្ចការផ្ទៃរបស់កម្ពុជា។
កម្ពុជាមិនមែនជារដ្ឋស្ថិតក្រោមចំណុះសហរដ្ឋអាមេរិកឡើយ ហើយសហរដ្ឋអាមេរិកក៏មិនមែនជាឪរបស់កម្ពុជា ដែលអាចបញ្ជាត្រួតត្រាបង្វិលក្បាលបានស្រេចតែអំពើចិត្ត ដូចខ្លួនបាននិងកំពុងប្រើប្រាស់ក្រុមជនជាតិខ្មែរមាននិន្នាការប្រឆាំងមួយចំនួន ដើម្បីសម្រេចបំណង និងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយខ្លួនឡើយ។
ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក៣នាក់នេះ រួមមានលោក លីនស៊ី ហ្ក្រែម (Lindsey Graham) និងលោក ម៉ាកូ រូប៊ីអូ (Marco Rubio) នៃគណបក្សសាធារណរដ្ឋ លោក ឌីក ដឺប៊ីន (Dick Durbin) នៃគណបក្សប្រជាធិបតេយ្យ ដែលមិនដែលមកជាន់ដីខ្មែរម្តងណាសោះ អង្គុយតែក្នុងការិយាល័យអានរបាយការណ៍ក្រុមប្រឆាំង បានស្នើច្បាប់មួយប្រឆាំង នឹងកម្ពុជាក្រោមលេសថា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា ដែលកាន់តែធ្លាក់ចុះ ហើយឥទ្ធិពលចិនកំពុងតែកើនឡើងជាលំដាប់។
នេះគឺគ្រាន់តែជាលេសមួយ ដែលបស្ចឹមប្រទេសបានប្រើប្រាស់ប្រឆាំងនឹងកម្ពុជាជាយូរមកហើយ សូម្បីតែពេលដែលទីភ្នាក់ងារសម្ងាត់ CIA របស់សហរដ្ឋអាមេរិកគាំទ្រក្រុម សម សារី ឪពុករបស់ សម រង្ស៊ី ផ្តួលរំលំសម្តេចព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងចុងក្រោយគាំទ្រលោកសេនាប្រមុខ លន់ នល់ និងទ្រង់ស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក៏ពួកគេបានប្រើប្រាស់លេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែរដើម្បី ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា រហូតដល់កម្ពុជាត្រូវធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម ធ្វើឱ្យកម្ពុជារងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
ពេលនេះមន្ត្រីសហរដ្ឋអាមេរិកដែលបង្កប់ដោយភាពពិសពុលផ្នែកនយោបាយ ច្រណែននឹងកម្ពុជា និងការយកកម្ពុជា ជាមធ្យោបាយនយោបាយដើម្បីកសាងកេរ្តិ៍ឈ្មោះខ្លួនឯងផង និងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយប្រទេសខ្លួនផង បានតាមព្យាយាមធ្វើទុក្ខបុកម្នេញកម្ពុជាសព្វបែបយ៉ាង ប្រឆាំងនឹងសេចក្តីសុខ និងការអភិវឌ្ឍរបស់ប្រជាជន កម្ពុជា។ ពួកគេបានស្នើឡើងនូវវិធានការមួយចំនួនក្នុងនោះ ទាមទារឱ្យដោះលែងដោយឥតលក្ខខណ្ឌ និងជាបន្ទាន់សមាជិកគណបក្សនយោបាយដទៃទៀត និងសកម្មជនអង្គការសង្គមស៊ីវិល ហើយលុបចោលការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៧ និង២០១៩។ សេចក្តីស្នើច្បាប់ CARI Act ក៏តម្រូវឱ្យបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលមានទ្រព្យធនរក្សាទុក នៅសហរដ្ឋអាមេរិកនិងក៏ទាមទារឱ្យសហរដ្ឋអាមេរិកប្រឆាំង ជំទាស់រាល់ប្រាក់កម្ចីទៅប្រទេសកម្ពុជាផងដែរ។
ស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាដែលកាន់តែធ្លាក់ចុះ? នេះក៏ជាភាសាដែលក្រុមជនក្បត់ជាតិដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្លួនឯងដែលមានសម រង្ស៊ី និងក្រុមកឹម សុខាជាអ្នក ដែលបានប្រើប្រាស់និងពេលខ្លះថាប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជាមានវិបត្តិធ្ងន់ធ្ងរ ឬស្លាប់ថែមទៀតផង។ កោតតែព្រឹទ្ធសមាជិកនៃប្រទេស មហាអំណាចដែលអួតថា ជាបិតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បែរមានភាពលម្អៀង និងពោរពេញទៅដោយកំហឹងប្រឆាំងនឹងជាតិនិងប្រជាជនកម្ពុជាដោយស្តាប់ការញុះ ញង់របស់ក្រុមឧទ្ទាមនយោបាយ។
តែនេះគឺជារឿងធម្មតាដែលចៅហ្វាយនាយត្រូវការពារកូនចៅរបស់ពួក គេធ្វើមិនដឹងនិងធ្វើមិនឮពីការរំលោភបំពានច្បាប់ និងការទង្វើក្បត់ជាតិនិងក្បត់ប្រជាជនដែលក្រុមប្រឆាំង បានធ្វើនាពេលកន្លងមក និងបន្តអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់តាមរយៈផែនការបដិវត្តន៍ពណ៌។ ផែនការបដិវត្តន៍ពណ៌ដែល កឹម សុខា បាននិយាយដោយខ្លួនឯងថា មានសហរដ្ឋអាមេរិកជាអ្នក ដែលគាំទ្រ និងឱ្យគាត់អនុវត្ត ដោយយកតាមបដិវត្តន៍នៅអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ីដើម្បីផ្តួល
រំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូរមេដឹកនាំប្រទេសឡើងគ្រប់គ្រងប្រទេសតាមបែបមិនប្រជាធិបតេយ្យ។
ឥឡូវនេះក្រុមសមាជិកព្រឹទ្ធសភា៣រូបនេះបានទាមទារឱ្យដោះលែង និងទម្លាក់ចោលនូវបទចោទ ប្រកាន់ប្រឆាំងនឹង កឹម សុខា ដែលឃុំខ្លួនឯងក្នុងផ្ទះ និងខ្លះទៀតដែលកំពុងតែ និរទេសខ្លួនដោយខ្លួនឯង គេចពីសំណាញ់ច្បាប់ ខណៈសំណុំរឿងនេះកំពុងតែស្ថិតនៅក្នុងដៃរបស់តុលាការ។ នេះគឺជាការជាន់ឈ្លីលើប្រព័ន្ធតុលាការកម្ពុជា និងជាការបំពានលើអធិបតេយ្យភាពជាតិកម្ពុជាផងដែរ។ ប្រសិនបើសហរដ្ឋអាមេរិករកឃើញថា មានជនក្បត់ជាតិ តើទុកបន្តបំផ្លាញជាតិ និងប្រជាជនខ្លួនទេ ហើយទុកឱ្យជនក្បត់ជាតិ នោះមានសេរីភាពបន្តធ្វើសកម្មភាពប្រឆាំងប្រទេសខ្លួនទេ?
សហរដ្ឋអាមេរិកបានចាត់វិធានការច្បាប់ផ្សេងៗ ប្រឆាំងនឹងការចោទប្រកាន់ថាមានការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតរបស់ខ្លួន ហើយថ្មីៗនេះ រឿងអាស្រូវនៃអនុអធិការបតីអូទ្រីសសន្យាថា នឹងធ្វើអ្វីៗទាំងអស់ដើម្បីបើផ្លូវឱ្យរុស្ស៊ីបើកជំនួយក្នុងប្រទេសអូទ្រីសប្រសិនបើរុស្ស៊ីជួយឱ្យបក្សខ្លួនឈ្មះការបោះឆ្នោត បានធ្វើឱ្យមានការលាលែងពីតំណែង និងការបើក ការស៊ើបអង្កេតលើបញ្ហានេះ កម្ពុជាដែលជារដ្ឋអធិបតេយ្យនិងឯករាជ្យមួយក៏មានភាពចាំបាច់ដើម្បីចាត់វិ ធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមជនបំផ្លាញជាតិដូចជា សម រង្ស៊ី និង កឹម សុខា ព្រមទាំងគូកនដែរ។ កម្ពុជាមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូចដែលបម្រើផលប្រយោជន៍បរទេស យកពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំង និងបំផ្លាញសន្តិភាព និងផលប្រយោជន៍ប្រជាពលរដ្ឋឡើយ។
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរទៅមុខជានិច្ច ជាមួយនឹងការអនុវត្តនូវគោលការណ៍នីតិរដ្ឋត្រឹមត្រូវ និងគោរពនូវគោលការណ៍សិទ្ធិមនុស្សជាសារវ័ន្ត ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍របស់ អ.ស.ប. ស្តីពីសិទ្ធិមនុស្ស។ មានតែក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី និងកឹម សុខា ទេដែលមានវិបត្តិព្រោះជាប់ជំ ពាក់នឹងច្បាប់ដែលខ្លួនបានរំលោភបំពាន និងប្រព្រឹត្តទង្វើសន្ធិដ្ឋិភាពជាមួយនឹងបរទេសឃុបឃិតនិងបម្រើផលប្រយោជន៍បរទេស បំផ្លាញជាតិខ្លួនឯង។
នៅកម្ពុជាក៏ដូចជានៅសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀត ដែរចាំបាច់ត្រូវចាត់វិធានការប្រឆាំងនឹងក្រុមជនល្មើស និងជនដែលបំពានលើសាលដីកា ហើយគេមិនអាច បកស្រាយការអនុវត្តច្បាប់ក្នុងប្រទេសអធិបតេយ្យមួយដូចកម្ពុជានេះថា ជាការធ្វើទុក្ខបុកម្នេញ ឬរំលោភសិទ្ធិលើអ្នកនយោបាយប្រឆាំងឡើយ។ ប្រសិនបើបកស្រាយបែបនេះ នោះការជាការបកស្រាយដើម្បីទាញចំណេញផលប្រយោជន៍នយោបាយសម្រាប់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។ កម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការចាត់វិធានការលើក្រុមជនក្បត់ជាតិ និងក្រុមជនបំផ្លាញជាតិដែលតែងតែបានដើរអង្វរបរទេសកុំឱ្យផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា ព្រមទាំងក្រុមអ្នកបម្រើផលប្រយោជន៍បរទេស បំផ្លាញជាតិខ្លួនតាមរយៈបដិវត្តន៍ពណ៌។ ហើយនេះក៏មិនត្រូវបកស្រាយថាវាគឺជាសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែរ។
ភស្តុតាងកាន់តែច្បាស់ដែលបង្ហាញថាក្រុមប្រឆាំងដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី កំពុងបំផ្លាញជាតិខ្លួន និងលក់ក្បាលឱ្យបរទេសតាមរយៈសម្តីរបស់លោក ប៉ុន សៅរី អគ្គលេខាធិការនៃខ្មោចបក្សសង្គ្រោះជាតិក្រៅប្រទេសដែលទើបបង្កើតឡើងក្រោយពេល ដែល សម រង្ស៊ី ធ្វើបក្សប្រហារបានជោគជ័យដណ្តើមអំណាចពី កឹម សុខា ដោយជននេះបានថ្លែងតាមរយៈវិទ្យុសំឡេងសហរដ្ឋអាមេរិកថា «…ហើយច្បាប់នេះក៏នឹងធ្វើឱ្យមានវិសាលភាពហើយជាផែនការសកម្មភាពមួយក្នុងចំណោម ផែនការសកម្មភាពធំៗដើម្បីសម្រេចគោលដៅសហរដ្ឋអាមេរិកផង…»។ ដូច្នេះអ្វីដែលក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក៣នាក់ មិនដែលជាន់ដីកម្ពុជា និងមិនដឹងពី ស្ថានភាពពិតប្រាកដរបស់ប្រទេសកម្ពុជា គឺជាការបម្រើផលប្រយោជន៍នយោបាយសហរដ្ឋអាមេរិកយ៉ាងពិតប្រាកដ។
កម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់ចិន? ដើម្បីធ្វើឱ្យសេចក្តីស្នើច្បាប់របស់ពួកគេមានការចាប់អារម្មណ៍ និងទាញការយកចិត្តទុកដាក់ពីរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈសហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងមានសង្គ្រាម ពាណិជ្ជកម្មជាមួយគ្នា ក្រុមសមាជិកព្រឹទ្ធសភាមានគ្នាតែ៣នាក់នេះ បានលាបពណ៌កម្ពុជាថា កំពុងស្ថិតនៅក្រោម ឥទ្ធិពលរបស់ប្រទេសចិនថែមទៀត។ កម្ពុជាជារដ្ឋអធិបតេយ្យ ឯករាជ្យ និងស្ថិតនៅក្រោមដំបូលធម្មនុញ្ញអង្គការសហប្រជាជាតិតែមួយជាមួយនឹងសហរដ្ឋអាមេរិកដែលមាត្រា២៣ នៃធម្មនុញ្ញ អ.ស.បចែងយ៉ាងច្បាស់ថា «គ្មានរដ្ឋណាមួយទៅលូកលាន់ដោយផ្ទាល់ ឬដោយប្រយោល បើទោះបីនៅក្នុងហេតុផលណាក៏ដោយរបស់ប្រទេសដទៃបានឡើយ»។
អធិបតេយ្យភាពរបស់កម្ពុជា ត្រូវតែទទួលបាននូវការគោរពដ៏ពេញលេញមួយ ដូចដែលប្រទេសកម្ពុជា បាននិងកំពុងគោរពអធិបតេយ្យភាពរបស់ប្រទេសដទៃ នៅក្នុងនាមជារដ្ឋអធិបតេយ្យស្មើសិទ្ធិនិងស្មើភាពគ្នា។ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានេះក៏បានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងនោះសហរដ្ឋអាមេរិកជាហត្ថលេខាមួយត្រូវ គោរពហើយគោលការណ៍នៃកិច្ចព្រមព្រៀងទាំងនេះក្រោយមកបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ សមាជិកព្រឹទ្ធសភាអាមេរិកគួរកុំវង្វេងវង្វាន់ តាមក្រុមបក្សប្រឆាំងពង្វក់។
កម្ពុជានិងចិនបាននិងកំពុងមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយគម្រោងអភិវឌ្ឍន៍ និងវិនិយោគទុនចិនជាច្រើនបាននិងកំពុងផ្តល់ផលប្រយោជន៍យ៉ាង ច្រើនដល់កម្ពុជាជាពិសេសគម្រោងសាងសង់ និងវិនិយោគទុនផ្សេងៗ។ កម្ពុជានិងចិនចាំបាច់ត្រូវសហការ គ្នាដើម្បីការពារវិនិយោគទុនក្នុងនាមជាម្ចាស់ប្រទេស និងប្រភពវិនិយោគ។ ហើយប្រទេសចិនតាមរយៈមេដឹកនាំកំពូលរបស់ខ្លួនបានថ្លែងបញ្ជាក់ថាគោរពខ្ជាប់ខ្ជួននូវអធិបតេយ្យភាពនិងឯករាជ្យភាពរបស់កម្ពុជា។
ហេតុអ្វីត្រូវបកស្រាយថានេះជាការរងឥទ្ធិពលរបស់ចិនទៅវិញ? ក្រុមសមាជិកព្រឹទ្ធសភា ដែលស្នើច្បាប់ប្រឆាំងនឹងកម្ពុជា គួរតែស្តាប់ប្រសាសន៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យបានច្បាស់ប្រទេសតូចក្តីធំក្តី ក្នុងនាមជាមេដឹកនាំប្រទេសត្រូវគិតគូរពីផលប្រយោជន៍ប្រទេសខ្លួនមុនគេដូចលោក ដូណាល់ ត្រាំ ថ្លែងថា «អាមេរិកមុនគេ»អីចឹងដែរ។
ប្រសិនបើសហរដ្ឋអាមេរិក ឬក្រុមសមាជិកព្រឹទ្ធសភាអាមេរិកច្រណែននឹង ប្រទេសចិនដែលមានវិនិយោគទុនច្រើននៅកម្ពុជា សូមប្រកួតប្រជែងជាមួយនឹងចិននឹងការដាក់ ទុនវិនិយោគ និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចដែលប្រទេសចិនបានជយយកម្ពុជាក្នុងនាមប្រទេសជាមិត្ត។
ប៉ុន្តែទំនងជាសហរដ្ឋអាមេរិកនឹងមិនអាចធ្វើដូច្នេះបានទេ ព្រោះសហរដ្ឋអាមេរិកគិតប្រយោជន៍ធំផ្ទាល់ខ្លួនធំជាងអ្វីទាំងអស់ ហើយសហរដ្ឋអាមេរិក ក៏មិនខ្វល់ពីច្បាប់អន្តរជាតិដែរ។ អាមេរិកមិនខ្វល់ពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យអ្វីទាំងអស់ ធ្វើយ៉ាងណាឱ្យតែខ្លួនអាចត្រួតត្រាប្រទេសដទៃបាន ឬយកប្រទេសផ្សេងមកធ្វើជារណបខ្លួនបម្រើផលប្រយោជន៍ ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ សហរដ្ឋអាមេរិកខ្លួនឯង ក៏អាចឆ្លុះកញ្ចក់មើលរឿងសង្គ្រាមនៅវៀតណាម និងរឿងនៅមជ្ឈិមបូព៌ាបានដែរ ថាតើអ្វីដែលខ្លួនកំពុងធ្វើពិតប្រាកដ? រីឯក្រុមខ្មែរកញ្ជះបរទេសមួយក្តាប់តូចដូចជា សម រង្ស៊ី និងបក្ខពួកខ្លួន គួរតែដឹងថាខ្លួនគ្រាន់តែជាស្លឹកចេកតែប៉ុណ្ណោះ នៅពេលដែលគេលែងត្រូវការគឺនឹងអស់តម្លៃ អស់តម្លៃដូចសេនាប្រមុខ លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ត្រូវបានសហរដ្ឋអាមេរិកបោះបង់ចោលដូច្នោះដែរ។
ដូច្នេះកុំដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន សមាជិកព្រឹទ្ធសភាអាមេរិកតែ៣នាក់នេះ ទាញកម្ពុជាចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយនិង កុំគួរបញ្ឈប់ការប្រើប្រាស់ក្រុមខ្មែរកញ្ជះបរទេសដូចសម រង្ស៊ីដើម្បីបំផ្លាញ សង្គមកម្ពុជាតទៅទៀត ព្រោះពលរដ្ឋខ្មែរមិនត្រូវការដំបូន្មាន និងសម្ពាធបែបចាប់បង្ខំរបស់អស់លោកឡើយ។ ជាតិនិងប្រជាជនកម្ពុជាត្រូវការរស់ក្នុងសុខសន្តិភាពនិងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃ និងខិតខំកសាងប្រទេសឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងក្នុងបាវចនាដឹកនាំប្រទេសមួយ «កំណែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» ហើយកម្ពុជាមិនយកអធិបតេយ្យភាព និងឯករាជ្យជាតិរបស់ខ្លួនទៅប្តូរនឹងជំនួយ ឬការលើកលែងអនុគ្រោះពន្ធណាមួយឡើយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩