(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ បានបន្តដំណើរមកឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហា ដើម្បីសំណេះសំណាលជាមួយប្រជាសហគមន៍រស្មីលើកកម្ពស់កសិករ ដែលកំពុងអនុវត្តកម្មវិធី ប្លុករ៉ាយស៍ (BlocRice)។
សូមបញ្ជាក់ជូនថា អង្គការអុកហ្វាម (Oxfarm) បានជួយឧបត្ថម្ភកម្មវិធីប្លុករ៉ាយស៍នេះ ដែលកម្មវិធីនេះប្រើប្រាស់ប្រព័ន្ធឌីជីថល ដោយបញ្ចូលទិន្នន័យដូចជាព័ត៌មានពីសហគមន៍ កសិករ ផែនទីដាំដុះ ប្រភេទពូជស្រូវ ការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន ទីផ្សារ និងតម្លៃដែលសមាជិកសហគមន៍ទទួលបាន។ ជារួមផ្សាភ្ជាប់រវាងអ្នកផលិត និងអ្នកបរិភោគតាមរយ:ព័ត៌មានសំខាន់ៗ ដែលបានបញ្ចូលលក្នុងប្រព័ន្ធស្មាតហ្វូន។ បច្ចុប្បន្នមានកសិករចំនួន ៥០ គ្រួសារកំពុងសាកល្បងប្រើប្រាស់កម្មវិធីនេះ ហើយក្នុងចំណោម ៥០គ្រួសារនេះ មាន៣៨គ្រួសារបានផលិត និងលក់ស្រូវបានប្រមាណជា៩២តោន ដោយទទួលបានទឹកប្រាក់សរុបជាង២២ពាន់ដុល្លារអាមេរិក។
លោករដ្ឋមន្ត្រី វេង សាខុន បានចូលរួមអបអរសាទរចំពោះសហគមន៍រស្មីលើកកម្ពស់កសិករ ដែលទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ តាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា លើដំណាំស្រូវជាមួយក្រុមហ៊ុន Amru Rice និងដំណាំដំឡូងមីជាមួយក្រុមហ៊ុនផ្សេងទៀត។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរជូនចំពោះអង្គការ Oxfarm ដែលបានជួយគាំទ្រដល់ការអនុវត្តគម្រោងនេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ក្នុងពិធីដ៏មានអត្ថន័យនេះ លោក វេង សាខុន បានជម្រាបជូនអង្គពិធីថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលខ្វះស្បៀង មកជាប្រទេសដែលកំពុងផលិតស្បៀងដែលមានស្តង់ដារ និងគុណភាពសម្រាប់នាំចេញ។ លើសពីនេះទៀតគឺ ប្រជាសហគមន៍បាននិងកំពុងចាប់ផ្តើមយល់ច្បាស់អំពីសារៈសំខាន់ នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសដាំដុះ ការកែច្នៃ វេចខ្ចប់ និងការបំពេញនូវសេចក្តីត្រូវការរបស់ទីផ្សារ ដែលក្នុងសម័យឌីជីថលរូបនីយកម្មនេះ អ្នកបញ្ជាទិញ និងអ្នកបរិភោគប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ស្វែងយល់អំពីប្រភពដើមនៃផលិតផល បញ្ជាទិញ និងទូទាត់ប្រាក់តាមរយ:ធនាគារ។
ទាក់ទងការងារផលិតកម្ម លោករដ្ឋមន្ត្រីបានណែនាំដល់សហគមន៍ ឲ្យសហការជាមួយវិស័យឯកជន ដើម្បីផលិតពូជសម្រាប់បម្រើឲ្យសេចក្តីត្រូវការក្នុងសហគមន៍ ធានាពូជសុទ្ធ និងតម្លៃ។ ដោយឡែក អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយដៃគូវិនិយោគ និងសហគមន៍លើកសំណើទៅក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ ពិចារណាផ្តល់ការគាំទ្រលើគម្រោងសាងសង់ឃ្លាំងស្តុក និងរោងសម្ងួតស្រូវ និងពោត នៅតាមសហគមន៍ធំៗក្នុងខេត្តគោលដៅ ដែលនឹងផ្តល់ឱកាសក្នុងការពង្រឹង ពង្រីក និងធានាបាននូវបរិមាណប្រមូលទិញ ក្នុងរដូវប្រមូលផល ការស្តុកទុក តម្លៃ និងគុណភាព ឆ្លើយតមតាមសេចក្តីត្រូវការទីផ្សារនាំចេញជូនពួកគាត់ ហើយថែមទាំងអាចប្រែក្លាយពួកគាត់ ពីសហគមន៍កសិកម្ម ទៅជាសហគមន៍កសិពាណិជ្ជកម្មផងដែរ៕