(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ គឺមួយថ្ងៃមុនថ្ងៃបោះឆ្នោត គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបន្តប្រគល់សម្ភារ និងឧបករណ៍សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ដែលបានបញ្ជូនមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនគណៈកម្មការការិយាល័យបោះឆ្នោតទាំង ២០៣ រួចរាល់ហើយ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប សម្ភារ និងឧបករណ៍ទាំងនោះ មានសរុបប្រមាណ៣៧មុខ ក្នុងនោះមានសម្ភារ និងឧបករណ៍សំខាន់ៗ ចំនួន៥មុខ ដែលមិនអាចខ្វះបានសម្រាប់ប្រើប្រាស់ ក្នុងការិយាល័យបោះឆ្នោត រួមមាន៖

*សន្លឹកឆ្នោត
*ត្រាសម្ងាត់
*បញ្ជីបោះឆ្នោត
*ហិបឆ្នោត
*ទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃ។

គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងដំណើរការ នៃការប្រគល់ សម្ភារ និងឧបករណ៍ទាំងអស់នេះ មានការចូលរួមសង្កេតមើលយ៉ាងច្បាស់លាស់ ពីភាគីពាក់ព័ន្ធមានជាអាទិ៍៖ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ជាពិសេសមានភ្នាក់ងារសន្តិសុខបោះឆ្នោតការពារសុវត្ថិភាព នៅគ្រប់ការិយាល័យបោះឆ្នោត ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ខុសពីការបោះឆ្នោតផ្សេងទៀត ដោយសារអ្នកបោះឆ្នោតត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សា ២ប្រភេទផ្សេងគ្នាក្នុងការិយាល័យបោះឆ្នោតតែមួយ ហើយមានហិបឆ្នោតចំនួន២ បន្ទប់សម្ងាត់ចំនួន២ និងត្រាសម្ងាត់ចំនួន២ ផងដែរ៕