(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងលោក ឈាង បាក់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកពញាក្រែក បានដឹកនាំក្រុមការងារចុះជួយឃុំកណ្តោលជ្រុំ ចូលរួមក្នុងពិធីបញ្ចុះបឋមសិលាកសាងកុដិ១ ខ្នង ដែលជាអំណោយរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងលោកស្រី នៅវត្តព្រះពន្លា ស្ថិតនៅភូមិបទទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នៅក្នុងឱកាសនោះ លោក តូច ចាន់នី និងលោក ឈាង បាក់ បានលើកឡើងព្រមៗគ្នាថា អំណោយជួយកសាងកុដិ១ ខ្នង របស់សម្តេចពញាចក្រី ហេង សំរិន និងលោកស្រី នាពេលនេះ បានជួយលើវិស័យព្រះពុទ្ធសាសនា ឲ្យមានភាពសំបូរសប្បាយជាងមុន និងកាន់តែសម្រួលឥឲ្យវិស័យមួយនេះ កាន់តែរីកចម្រើនផងដែរ។
បន្ថែមពីលើនេះតំណាងរដ្ឋមន្រ្តី វង សូត ក៏បានលើកឡើងថា វិស័យពុទ្ធចក្រ មានការីកចម្រើនជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន មានវត្តអារាមគ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា និងព្រះសង្ឃរាប់ម៉ឺនអង្គ ដែលមានប្រជាពុទ្ធបរិស័ទ គោរពប្រតិបត្តិយ៉ាងច្រើនកុះករ។ លោកទាំង២ បានបន្ថែមថា ជាងនេះទៅទៀត វិស័យអាណាចក្រ និងពុទ្ធចក្រគឺត្រូវដើរទៅទន្ទឹមគ្នា បើអាណាចក្រ មិនរីកចម្រើននោះវិស័យពុទ្ធចក្រក៏មិនរីកចម្រើនដែរ។
លោកបន្តថា សមិទ្ធិផលនេះ បានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលើវិស័យអាណាចក្រ ក៏ដូចជា វិស័យពុទ្ធសាសនា និងជាសមិទ្ធផលដ៏ល្អប្រណិតថ្មីមួយទៀតរបស់វត្តព្រះពន្លា បានកើតចេញពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ ពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនគ្រប់ មជ្ឈដ្ឋាន ដើម្បីឧទ្ទិសជូនព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕