(ព្រះសីហនុ)៖ មន្ដ្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ហើយរំលឹកដល់អ្នកបើកបរត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះ ស្លាប់មនុស្សស្ទើររៀងរាល់ថ្ងៃ។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅចន្លោះគីឡូម៉ែត្រ១៦៨-១៦៩ មានគ្រោះថ្នាក់ចរាចរណ៍១ករណីទៀត បានកើតឡើងស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តដឹកទំនិញធុនធំ២គ្រឿង បានបុកគ្នាជាមួយរថយន្តធុនធំដូចគ្នា ក្នុងទិសដៅផ្ទុយគ្នា។
សមត្ថកិច្ចឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ឈ្មោះ ញិល ម៉េងឡុង អាយុ២៨ឆ្នាំ មានទីលំនៅភូមិទន្សោងស្លាប់ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរងរបួសបាក់ជើងឆ្វេងធ្ងន់ធ្ងរ។ ភ្លាមៗត្រូវប្រជាពលរដ្ឋរស់នៅក្បែរនោះ ជួយគាស់យកចេញពីក្នុងរថយន្ត ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តម្ខាងទៀត គឺមិនទាន់ស្គាល់អត្តសញ្ញាណ និងមិនមានរងរបួសទេ។
សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដូចគ្នានេះ ក៏បានកើតឡើងកាលពីម៉ោងជិត៧ព្រឹក ថ្ងៃទី២៥ ខែឧសភានេះ តាមផ្លូវជាតិលេខ៤ ស្ថិតក្នុងមូលដ្ឋានស្រុកកំពង់សិលា ដែលជាស្រុកជាប់ព្រំប្រទល់គ្នា ជាមួយស្រុកព្រៃនប់ ក៏កើតមានករណីរថយន្តធុនធំ ចំនួន២គ្រឿង បុកគ្នាដែរ ប៉ុន្តែមិនមានរបាយការណ៍ស្លាប់មនុស្សនោះទេ។
ទាក់ទិនគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមការអះអាងរបស់សមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋានស្រុកព្រៃនប់ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាកន្លងមកនេះ នៅតាមផ្លូវជាតិលេខ៤ គឺមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៦ករណី ស្លាប់មនុស្សចំនួន២នាក់។ ក្នុងនោះមានម្នាក់ជាជនជាតិចិន និងម្នាក់ជាក្មេងស្រី អាយុ៤ឆ្នាំ។ គ្រោះថ្នាក់នេះ ក៏បណ្តាលឲ្យមានមនុស្សចំនួន៨នាក់ទៀត រងរបួសធ្ងន់ស្រាល ហើយមានជនជាតិចិន៤នាក់ផងដែរ៕