(សៀមរាប)៖ សន្និសីទស្ដីពី បច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៤ នៅកម្ពុជា (The 4th Cambodia Pediatric Update Symposium) មានការចូលរួមពីបណ្ដាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតគ្រូពេទ្យ ដែលជាសមាជិក គ្រូពេទ្យកុមារកម្ពុជា ចំនួនជាង២០០នាក់ ព្រមទាំងវត្តមានវាគ្មិន ដែលជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតមកពីសិង្ហបុរី និងឥណ្ឌា ស្ថិតក្នុងអធិបតីភាពរបស់លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ សន្និសីទនេះ គឺរៀបចំនៅសណ្ឋាគារសុខា ក្រុងសៀមរាប នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ។

សមាគមគ្រូពេទ្យកុមារកម្ពុជា តែងតែបានប្រារព្ធសន្និសីទនេះ យ៉ាងទៀតទាត់ ក្នុងមួយឆ្នាំម្ដង ចំនួន៣ដងរួចមកហើយ ក្នុងគោលបំណងដើម្បីផ្ដល់នូវវេទិកា ដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និងក្រៅប្រទេស បានចែករំលែក និងផ្ដាស់ប្ដូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្ដល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារទាំងនេះ ដើម្បីឲ្យសិក្ខាកាមទាំងអស់ អាចទាញយកសារសំខាន់ សម្រាប់ប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា។

បទបង្ហាញសម្រាប់សន្និសីទនេះ គឺផ្ដោតលើប្រធានបទ រួមមាន៖

១៖ សណ្ឋានធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម និងក្បួនព្យាបាលជំងឺនេះ ដែលនៅតែជាចំណោទបញ្ហាគំរាមកំហែង ដល់អាយុជីវិតកុមារកម្ពុជា ពិសេសនៅឆ្នាំនេះ ដែលយើងឃើញពីការកើនឡើងនៃជំងឺនេះ និងកំពុងតែយារយី ដល់ជីវិតកុមារកម្ពុជា គួរឲ្យព្រួយបារម្ភ។
២៖ ការធាត់ខ្លាំងនៃកុមារ ដោយសារកត្តាបរិស្ថានជុំវិញជីវភាពកុមារ និងកត្តាតំណពូជរបស់កុមារ ព្រោះបច្ចុប្បន្នក៏មានការកើននូវកុមារធាត់លើសទម្ងន់ គួរឲ្យកត់សម្គាត់ណាស់ដែរ។
៣៖ ការបង្ហាញពីផលវិបាក នៃការមើលអេក្រង់ឧបករណ៍អេឡិចត្រូនិច មានអេក្រង់ទូរស័ព្ទជាដើម ព្រោះកុមារ ជាពិសេសកុមារតូចៗ។
៤៖ ការព្យាបាលជំងឺរលាក និងដំបៅក្រពះ បណ្ដាលមកពីមេរោគបាក់តេរីឈ្មោះ អេលីកូ បាក់ទែរពីឡូរី។
៥៖ ជំងឺមេឡូអ៊ីត គឺជាជំងឺបណ្ដាលមកពីបាក់តេរីឈ្មោះ បូគោដេរា សឺដូម៉ាឡេអ៊ី ដែលច្រើនកើតនៅរដូវភ្លៀង និងជាជំងឺពិបាកព្យាបាល ពិសេសវាមានលក្ខណៈកាច ដែលបណ្ដាលឲ្យកុមារស្លាប់ក្នុងអត្រាខ្ពស់។
៦៖ ការបង្ហាញពីការព្យាបាលជំងឺបេះដូងពីកំណើត ដោយការប្រើប្រាស់ថ្នាំលេប ឬចាក់ ដោយមិនបាច់វះកាត់ ឬរង់ចាំឲ្យកុមារធំធាត់ ដល់ពេលដែលអាចវៈកាត់បាន។
៧៖ ការបង្ហាញពីការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួត ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។

ចំពោះប្រធានបទទាំងនេះ គឺសំខាន់សម្រាប់សមាជិកនៃអង្គសន្និសីទបានរៀនសូត្រ ស្វែងយល់ និងផ្លាស់ប្ដូរនូវទស្សនៈ ចំណេះដឹងរវាងគ្នា ដើម្បីរកឃើញនូវបទពិសោធន៍ល្អ សម្រាប់ជាទុន ក្នុងការអភិវឌ្ឍចំណេះដឹង ខាងវេជ្ជសាស្ត្ររោគកុមារ។

ក្នុងនោះ លោកសាស្ត្រាចារ្យ យិត ស៊ុនណារ៉ា ប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា ក៏បានផ្ដាំផ្ញើឲ្យសមាជិកសន្និសីទទាំងអស់ ជាគ្រូពេទ្យកុមារមកពីមន្ទីរពេទ្យនានា ពីខេត្ត និងក្រុង ឲ្យពាំនាំនូវចំណេះដឹងថ្មីៗនេះ ដើម្បីចូលរួមក្នុងការផ្ដល់នូវសេវាព្យាបាលកុមារយើងឲ្យមានប្រសិទ្ធិភាព គុណភាព និងសុវត្ថិភាព។ ហើយត្រូវយកចិត្តទុកដាក់ជានិច្ច ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ។ ហើយជួយយកចំណេះដឹងទាំងនេះ ទៅផ្សព្វផ្សាយបន្តដល់សហភារៈផ្សេងទៀត ដើម្បីធ្វើឲ្យកាន់តែប្រសើរ ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាជនយើង ស្របតាមគោលនយោបាយប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន៕